(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់សហរដ្ឋអាមេរិក Tesla កំពុងតែពិចារណា បង្កើតរោងចក្រចម្រាញ់ប្រេងលីចូមថ្មីមួយ មានទីតាំងជាប់នឹងឈូងសមុទ្ររដ្ឋតិចសាស់ ក្នុងគោលបំណងគេចចេញពីកង្វះខាតសមាសធាតុសំខាន់ៗដែលប្រើក្នុងអាគុយចំពេលមានតម្រូវការរថយន្តអគ្គិសនីកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។

កាលពីថ្ងៃទី២២ ខែសីហា កន្លងទៅ Tesla បានដាក់ពាក្យស្នើសុំបង្កើតរោងចក្រថ្មីទៅការិយាល័យត្រួតពិនិត្យរដ្ឋតិចសាស់ ដែលក្រុមហ៊ុន Tesla បានឱ្យនិយមន័យរោងចក្រថ្មីនោះថា ជាផលិតផលដំបូងគេនៅអាមេរិកខាងជើង និងដំណើរការ «វត្ថុធាតុដើមរ៉ែ ប្រែក្លាយទៅជាសមាសធាតុដែលអាចប្រើប្រាស់សម្រាប់ការផលិតអាគុយ»។ ចំពោះការជ្រើសរើសយកទីតាំងជាប់ឈូងសមុទ្ររដ្ឋតិចសាស់នេះត្រូវបាន Tesla លើកឡើងថា ជាការពឹងផ្អែកលើលទ្ធភាពដើម្បីទទួលបានការកាត់បន្ថយពន្ធលើអចលនទ្រព្យក្នុងស្រុក។

នាយកប្រតិបត្តិក្រុមហ៊ុនលោក Elon Musk ក៏ធ្លាប់បានបង្ហើបឱ្យដឹងកាលពីមុនដែលថា Tesla កំពុងតែត្រៀមខ្លួនចូលទៅក្នុងវិស័យឧស្សាហកម្មរុករករ៉ែ និងចម្រាញ់ដោយផ្ទាល់ក្នុងកម្រិតណាមួយ ទាំងនេះក៏ដោយសារតែកង្វះខាតសមាសធាតុផលិត រួមទាំងតម្លៃលីចូមកើនឡើងទ្វេដងផងដែរ។

ប្រសិនបើពាក្យស្នើសុំបង្កើតរោងចក្រថ្មីរបស់ Tesla ទទួលបានការអនុម័តនោះ ការសាងសង់អាចនឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ខាងមុខនេះ ហើយវាទំនងជាអាចឈានដល់ការផលិតពាណិជ្ជនៅចុងឆ្នាំ២០២៤ តែម្តង៕