(ម៉ូនិច)៖ ក្រុមបាល់ទាត់ FC Union Berlin បានឡើងទៅឈរនៅកំពូលលីគកំពូលអាល្លឺម៉ង់ Bundesliga ជាប្រវត្តិសាស្រ្តរបស់ក្លិប នៅពេលបន្ថែម ៣ពិន្ទុក្រៅដី តាមរយៈយកឈ្នះម្ចាស់ផ្ទះ FC Koln ក្នុងលទ្ធផល ១ទល់នឹង០ នារាត្រីថ្ងៃអាទិត្យ។

ការធ្វេសប្រហែសចូលទីខ្លួនឯងរបស់ខ្សែការពារ Timo Hubers ត្រឹមចាប់ផ្តើមលេងបាន ៣នាទីនោះ បានធានាជ័យជម្នះដល់ Berlin រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីរបស់ពួកគេ និងជាជ័យជម្នះទី៤ ក្រៅពីស្មើ២ ដោយលេងមិនទាន់ចាញ់ក្នុងចំណោម ៦ប្រកួតនាដើមរដូវកាល ២០២២-២០២៣ នេះ។

Union Berlin ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ នារដូវកាលមុននោះ បានហក់ឡើងទៅឈរនៅកំពូលតារាង Bundesliga ជាបណ្តោះអាសន្នជាមួយនឹង ១៤ពិន្ទុ ក្រោយពេលក្រុមលេខ២ Freiberg បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ទល់នឹង Borussia Mongchengladbach។

ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅ គឺលោក Urs Fisher បានកំពុងធ្វើបានល្អត្រឹម ៦ប្រកួតមកនេះ នៅពេលក្រុមការពារជើងឯក Bayern Munich ឈរនៅលេខ៣ និង Borussia Dortmund ស្ថិតនៅលេខ៥។

Union Berlin ក៏បានមានកៅអីលេងនៅ UEFA Europa League នៅក្រោយពេលចាញ់ក្រុមលេខ៤ តែ ១ពិន្ទុប៉ុណ្ណោះនារដូវកាលមុនពីកៅអីលេងពានធំ Champions League នោះ៕