(ចិន)៖ ក្រុមហ៊ុនម៉ាកល្បីៗលើពិភពលោកជាច្រើនដូចជា Prada, Panerai, Remy Martin និង L’Oreal Paris បានផ្តាច់កុងត្រាភ្លាមៗ បញ្ចប់ការងារជាមួយតារាសម្តែងល្បីរបស់ចិន លោក Li Yifeng បន្ទាប់ពីតារារូបនេះ ត្រូវបានប៉ូលីសចាប់ខ្លួន ចំពោះការប្រព្រឹត្តិអំពើផ្លូវភេទខុសច្បាប់ (ប្រើសេវាផ្លូវភេទបំពេញចំណង់តណ្ហា) ដែលជាអំពើខុសច្បាប់ក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ CCTV បានឲ្យដឹងថា ទង្វើខុសឆ្គងរបស់លោក Li ដែលបានប្រព្រឹត្តិនោះ ត្រូវបានលាតត្រដងក្នុងអំឡុងពេលស៉ើបអង្កេត បន្ទាប់ពីសាមីខ្លួនផ្ទាល់បានសារភាពថា ខ្លួនពិតជាប្រព្រឹត្តិ។ តែយ៉ាងណា នៅពេលប្រកាសឃុំខ្លួនតារារូបនេះជាផ្លូវការ ប៉ូលីសទីក្រុងប៉េកាំងមិនបានបញ្ជាក់ពីឈ្មោះរបស់លោកនោះទេ ខណៈ CCTV បានបញ្ជាក់ថា គឺជាតារាប្រុសវ័យ៣៥ឆ្នាំ។
ដំណឹងនេះហាក់ក្តៅគគុកតែម្តងក្នុងប្រទេសចិន ខណៈក្រុមហ៊ុនប្រេនល្បីៗដូចជា Prada និង Panerai ក៏បានប្រកាសភ្លាមថា ពីការផ្តាច់កុងត្រា ដើម្បីបញ្ចប់ភាពជាដៃគូ ក្នុងនាមជាឯកអគ្គរដ្ឋទូត ពីតារាប្រុស Li តែម្តង។ ក្រៅពីនេះ Li Yifeng ក៏ត្រូវប្រឈមនឹងគ្រោះធំ មួយទៀតដែរ គឺទំនងជាត្រូវចូលក្នុងបញ្ជីខ្មៅ ពោលគឺត្រូវបានហាមប្រាម ដោយមិនអាចឲ្យចេញមុខក្នុងពិភពសិល្បៈទៀតទេ នាពេលអនាគតថែមទៀតផង៕