(ភ្នំពេញ)៖ ក្រុមហ៊ុន Dragonland Investment Co.Ltd. បានបើកសម្ពោធជាផ្លូវការ នូវវិនិយោគគម្រោងដំបូងរបស់ខ្លួន គឺ «គម្រោងវីឡា ជ្រេហ្គនលែន 598» នៅលើផ្លូវ ជា សុផារ៉ា រាជធានីភ្នំពេញ។
ពិធីនេះបានធ្វើឡើងក្រោមវត្ដមានពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា, អ្នកឧកញ៉ា កុក អាន រួមទំាងភ្ញៀវកតិ្ដយសជាច្រើនរូបទៀត។
ក្រុមហ៊ុន Dragonland Investment មានម្ចាស់ភាគហ៊ុនចំនួន៣ រួមមាន៖ លោក ភូ សែពីង ប្រធានក្រុមហ៊ុន, លោក ឈុន ហេងឡេង ជានាយកក្រុមហ៊ុននិងលោក ជែគី តាំង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន។
លោក ភូ សែ ពីង ប្រធានក្រុមហ៊ុន បានបញ្ជាក់ថា៖ «ថ្ងៃនេះ ជាថ្ងៃដែលពួកយើងប្រារព្ធពិធីបើកសម្ពោធ Dragon Land និងជាថ្ងៃសំគាល់់ចំនុចសំខាន់មួយនៅក្នុងប្រទេសកម្ពុជាដែលបង្ហាញអំពី ការកំណត់ស្តង់ដារថ្មីក្នុងការរស់នៅបែបប្រណិត។ Dragon land នឹងក្លាយជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកបង្កើតវីឡាប្រណិតទូទាំងប្រទេសកម្ពុជា និងនៅក្នុងតំបន់»។
លោកបន្តថា គម្រោង Dragon land មានទំហំដីសរុបនៃ ៤០,៥៨៥ម៉ែត្រការ៉េ រួមមាន៖ វីឡាប្រណិត ចំនួន៨១ សបហោស ចំនួន ២២។ យើងមាន១ហិកតា នៃសួនច្បារ fountain square ជាមួយនឹងការបន្ថែម ៨,៩៤៤ម៉ែត្រការ៉េ នៃទេសភាពសហគមន៍ និងផ្លូវដើរថ្មើរជើងប្រវែង ១គីឡូជុំវិញបុរី។ ហើយត្រូវបានសាងសង់សម្រាប់ «សមាជិកនៃវរជន»។
លោកបានបន្ថែមទៀតថា គំនិតនៃការរស់នៅបែបប្រណិតមិនមែនសុទ្ធតែអាស្រ័យទៅលើការពេញចិត្ត និងសម្ភារនិយមមួយមុខនោះទេ ប៉ុន្តែក៏ជាបទពិសោធន៍នៃការរស់នៅ និងការរចនាដ៏ល្អបំផុតផងដែរ។ Dragon Land ប្រើប្រាស់គំនិរចនាស្ថាបត្យកម្មទំនើប និងអន្តរជាតិ អំឡុងពេលដែលគិតគូរយ៉ាងម៉ត់ចត់អំពីលក្ខណៈ និងវប្បធម៌នៃការរស់នៅរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ លោកក៏បានបញ្ជាក់ផងដែរថា ចាប់ផ្តើមពីគំនិតនៃការរចនារហូតដល់ការបញ្ចប់សាងសង់កត្តាបរិស្ថាននៃការរស់នៅទាំងអស់រួមមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបែបធម្មជាតិត្រូវបានគិតគូពិចារណាយ៉ាងយកចិត្តទុកដាក់។
ពីព្រោះគម្រោងនេះក៏មានទីតាំងមួយចំនួនដែលនៅជិតសម្រាប់ការធ្វើដំណើររបស់អតិថិជន ដោយមានចម្ងាយពីស្នងការនគរបាលចម្ងាយ ២១០មែត្រ ផ្សារទំនើបអ៉ីអន២ ចម្ងាយ ៣គីឡូម៉ែត្រ ផ្សារទំនើបម៉ាក្រូ និងក្លូបលហៅស៍ ចម្ងាយ ៤គីឡូម៉ែត្រ ទីលានវាយកូនគោលហ្គេនភ្នំពេញ ចម្ងាយ ៣.១គីឡូម៉ែត្រ ទីលានវាយកូនហ្គោលហ្គាឌិនស៊ីធី ចម្ងាយ ១៣គីឡូម៉ែត្រ ដែលកន្លែងទាំងអស់នេះមានភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងបុរី។
លោកបន្តថា៖ «វីឡានីមួយៗមានកម្ពស់៥ជាន់ មានអាងហែលទឹកផ្ទាល់ខ្លួន ជណ្តើរយន្តឯកជន ដំបូលផ្ទះធំទូលាយ និងភ្ជាប់ប្រព័ន្ធសូឡា ដែលអាចផ្គត់ផ្គង់អំពូលភ្លើង និងជណ្តើរយន្តជូនលោកអ្នកបាន»។
លោក ភូ សែពីង បានបញ្ជាក់ថា ក្រៅពីលក្ខខណ្ឌរស់នៅដ៏ប្រណិតខាងលើយើងបានបង្កើតបន្ទប់ សម្រាប់ចតយានយន្តនៅជាន់ផ្ទាល់ដីដែលបានខណ្ឌចែកដាច់ពីទេសភាពសហគមន៍ដែលនៅជាន់ទី១។
លោកពន្យល់ថា៖ ដោយសារយើងគិតគូរយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់ម្ចាស់វីឡានីមួយៗ ជាពិសេសសម្រាប់ក្មេងលេង មនុស្សចាស់ដើរកំសាន្ត និងសត្វចិញ្ចឹមដើម្បីរត់ជុំវិញបរិវេណខាងក្នុង។
យើងក៏បានបង្កើតទីលានសួនច្បារ ដែលមានផ្ទៃដី ១០,០០០ម៉ែត្រការ៉េ ក្នុងនោះដែលមានទីលានវាយកូនហ្គោលខ្នាតតូចចំនួន ២កន្លែងបាញ់ទឹកនិងរុក្ខជាតិបៃតង ដែលអនុញ្ញាតឱ្យអ្នកចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។
លោកបន្តថា ប្រសិនបើមានការរអាក់រអួលកើតឡើងនៅក្នុងវីឡារបស់អ្នក យើងក៏មានក្រុមសន្តិសុខនិងអ្នកថែទាំង២៤ម៉ោងដែលត្រៀមរួចជាស្រេចដើម្បីបម្រើលោកអ្នក។
លោក ភូ សែពីង បានគូសបញ្ជាក់ផងដែរថា ពួកយើងរំពឹងថានឹងបញ្ចប់ការងារសាងសង់ Dragon land 598 នៅចុងខែធ្នូ ឆ្នាំ ២០២៣ខាងមុខនេះ។ ទោះជាយ៉ាងនេះក្តី ក៏ពួកយើងមិនទាន់បញ្ចប់នៅត្រឹមនេះទេ នៅខាងមុខដីនេះ យើងនឹងសាងសង់អគារខុនដូប្រណិតចំនួន៤ និងអគារការិយាល័យចំនួន ២បន្ថែមទៀត។
ចំណែកលោក ឈុន ហេងឡេង នាយកក្រុមហ៊ុន Dragon land នៅពេលទទួលកិច្ចសម្ភាសន៍ពីសំណាក់អ្នកយកព័ត៌មានថា គម្រោងដែលមានទីតាំងនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គម្រោងនេះបានចែកចេញជា ២ដំណាក់កាល ដែលក្នុងនោះដំណាក់កាលទី១ មាន៤ហិកតា សាងសង់វីឡាចំនួន៨១ និងផ្ទះល្វែងចំនួន២២ល្វែងរួចមកហើយ និងជាជំហានបន្ទាប់និងត្រូវសាងសង់នៅតាមបណ្រោយផ្លូវ៥៩៨ គ្រោងនឹងចាប់ផ្តើមសាងសង់ផ្សារទំនើប អគាការិយាល័យកំពស់៣២ជាន់ និងខុនដូ៥អគារទៀត ដែលមានកម្ពស់២៨ជាន់។
លោក ឈុន ហេងឡេង បានបន្តទៀតថា មកដល់ពេលនេះសម្រាប់អតិថិជនដែលបានគាំទ្រ និងទិញផ្ទះវីឡាមានចំនួន២៦វីឡា និងផ្ទះល្វែងបាន៤ល្វែងហើយ។
លោកបានបញ្ជាក់ថា ចំណុចសំខាន់ដែលលោកចាប់អារម្មណ៍អភិវឌ្ឍន៍ក្នុងតំបន់នេះដោយមើលឃើញថាទីតាំងនេះជាទីប្រជុំជនថ្មីមានប្រជាជនរស់នៅច្រើន ជាកន្លែងអភិវឌ្ឍន៍មានផ្សាទំនើប មានក្រសួងស្ថាប័នរដ្ឋជានានាជាច្រើនផងដែរ៕