(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២ សាលារៀន ខេមអេលីត បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងចែកបណ្ណសរសើរ ជូនដល់ប្អូនៗសិស្សានុសិស្ស សរុបចំនួន ២២៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧកញ៉ាបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាលារៀន ខេមអេលីត និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងលោកជំទាវ កែវ ថាណារ័ត្ន ព្រមទាំងភ្ញៀវកិត្តិយស គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូអ្នកគ្រូ មាតាបិតាអ្នកអាណាព្យាបាលសិស្ស នៅសាលសន្និសីទ អគារមាស នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
ក្នុងរបាយការណ៍ស្វាគមន៍ លោក ហេង រដ្ឋា នាយកប្រតិបត្តិ សាលារៀនខេមអេលីត បានលើកឡើងថា បច្ចុប្បន្នសាលារៀនខេមអេលីត មានទីតាំងនៅអគារលេខ១៦២ABC ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សាលារៀន ខេមអេលីត ត្រូវបានទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា តាមប្រកាសលេខ២៩៨៣អយក.ប្រក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣។ គិតត្រឹមថ្ងៃនេះសាលារៀន ខេមអេលីត មានបុគ្គលិកសរុបចំនួន៣២នាក់ ស្រី១៧នាក់ គ្រូជនជាតិបរទេស ចំនួន២នាក់ ស្រី ២នាក់ មានសិស្សដែលកំពុងសិក្សាកម្មវិធីមានចំនួន ៤២៥នាក់ ស្រី២០៨នាក់។
សាលារៀនមាន៥កម្មវិធីសិក្សាដូចខាងក្រោម៖
១៖ កម្មវិធីចំណេះទូទៅភាសាខ្មែរ (មត្តេយ្យដល់ថ្នាក់ទី១២)
២៖ កម្មវិធីភាសាអង់គ្លេសទូទៅ General English Program (ពេញម៉ោង និងក្រៅម៉ោង)
៣៖ ភាសាអង់គ្លេស សម្រាប់កុមារ English for Early and Young Learner Program
៤៖ មត្តេយ្យភាសាចិន
៥៖ វគ្គបណ្តុះបណ្តាលជំនាញឯកទេស វគ្គខ្លី ៣ខែ និង៦ខែ។
បន្ថែមលើនេះសាលារៀន ខេមអេលីត បានបញ្ចូលសេវាអប់រំបន្ថែមលើសេវាជាមូលដ្ឋានរបស់ខ្លួនដូចជា៖
១៖ កម្មវិធីសិក្សាស្រាវជ្រាវ និងហ្វឹកហាត់ភាសាតាមកុំព្យូទ័រ
២៖ កម្មវិធីកីឡា របាំ និងគំនូរ ដូចមានបង្ហាញនាឱកាសនេះ
៣៖ កម្មវិធីបំណិនជីវិត ហត្ថកម្ម និងការច្នៃប្រឌិត DIY
៤៖ កម្មវិធីបណ្ណាល័យអេឡិចត្រូនិច ដែលអាចឱ្យសិស្សបង្កើនការអានការស្រាវជ្រាវកាន់តែប្រសើរ និងមានភាពងាយស្រួល
លោកនាយកប្រតិបត្តិក៏បានប្រកាសពីវគ្គសិក្សាថ្មីគ្រប់កម្មវិធី ចូលរៀន ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ជាមួយការបញ្ចុះថ្លៃសិក្សារហូតដល់ ២៥% ផងដែរ។
ឯកឧត្តមឧកញ៉ាបណ្ឌិត ឌួង លាង បានសម្តែងនូវក្តីអំណរសាទរ និងកើតសរសើរ ដោយស្មោះចំពោះការចាប់ផ្តើមដំណើរការអស់រយៈពេល៩ឆ្នាំនេះ សាលារៀន ខេមអេលីត ដែលជាបុត្រសម័្ពន្ធរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នេះការរីកចម្រើនយ៉ាងខ្លាំងទាំងបរិមាណ និងគុណភាព ហើយក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំពីសំណាក់អ្នកសិក្សាផងដែរ។
ឯកឧត្តមឧកញ៉ាបណ្ឌិត បានបន្តទៀតថាទោះក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ អស់រយៈពេលជិត៣ឆ្នាំនេះក្តីក៏សាលារៀន ខេមអេលីត នៅបន្តដំណើរការទៅមុខជានិច្ចមិនបានផ្អាកដំណើរការក្នុងការបណ្តុះបណ្តាលឡើយដោយធ្វើការបង្រៀន និងរៀន ដោយប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ឬការរៀនពីចម្ងាយ។
ឯកឧត្តមឧកញ៉ាបណ្ឌិត បានគោរពកោតសរសើរយ៉ាងខ្លាំងក្លាបំផុតនោះចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរខ្វល់ខ្វាយលើបញ្ហាសុខទុក្ខ ប្រជាជនជាសំខាន់ជាងអ្វីទាំងអស់ ជាក់ស្តែងនៅក្នុងអន្តរកាលការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ សម្តេចបានដាក់ចេញនូវអនុសាសន៍ និងវិធានការការពារទប់ស្កាត់បានទាន់ពេលវេលា ធ្វើឱ្យគ្រប់វិស័យអាចដំណើរឡើងវិញជាធម្មតា។
ឯកឧត្តមឧកញ៉ាបណ្ឌិត បានរម្លឹកដល់កូនក្មួយជាសិស្សានុសិស្សថា មាតាបិតារបស់កូនៗ ក្មួយៗ ពិតជាមានការលំបាកណាស់ក្នុងការចិញ្ចឹម ថែរក្សាក្មួយៗ តាំងពីចាប់កំណើតរហូតមកដល់ពេលនេះ។ ការដែលលោកទាំងទ្វេបញ្ជូន កូនៗ ក្មួយៗ មកសិក្សា នេះគឺ ជាទ្រព្យដ៏សំខាន់ និងមហាសាលដែលត្រូវតែចាប់យកឱ្យបាន។ ដូច្នេះដើម្បីជាការតបស្នងសងគុណ លោក អ្នកមានគុណ ក្មួយៗ ត្រូវតែត្រង់ត្រាប់ស្តាប់លោកទាំងពីរ ដែលជាគ្រូបាអាចារ្យទី១ និងលោកគ្រូ អ្នកគ្រូដែលជាគ្រូបាអាចារ្យទី២ និងត្រូវធ្វើខ្លួនឱ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ ជាពលរដ្ឋល្អក្នុងសង្គម៕