(ឡុងដ៍)៖ លីគបាល់ទាត់ English Football League បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះថា ការប្រកួតនឹងវិលត្រឡប់មកវិញតាមការគ្រោងទុកចាប់ពីថ្ងៃអង្គារ បន្ទាប់ពីការប្រកួតជុំចុងក្រោយ ត្រូវបានពន្យារពេល បន្ទាប់ពីការយាងសោយទីវង្គត របស់ព្រះមហាក្សត្រិយ៍ Elizabeth II។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

លីគបាល់ទាត់កំពូលអង់គ្លេស Premier League និងលីគ EFL បានប្រកាសកាលពីសប្តាហ៍មុនថា ការប្រកួតត្រូវពន្យារពេល បន្ទាប់ពីព្រះមហាក្សត្រិយ៍ ដែលគ្រងរាជសម្បត្តិបានយូរជាងគេបំផុត របស់ចក្រភពអង់គ្លេស បានយាងសោយទីវង្គត នៅព្រះរាជដំណាក់របស់ព្រះអង្គ ស្ថិតក្នុងប្រទេសស្កុតឡេន កាលពីថ្ងៃទី០៨ ខែកញ្ញា ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា។

ការប្រកួតនៅក្នុងលីគផ្នែកនារី Women's Super League និងការប្រកួតកម្រិតទាប ព្រមទាំងការប្រកួតបាល់ទាត់របស់ប្រជាជនតាមមូលដ្ឋាន ក៏ត្រូវបានពន្យារពេលផងដែរ។

EFL បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា "ការស្ងប់ស្ងាត់មួយនាទី នឹងត្រូវធ្វើឡើងមុនការប្រកួត ជាមួយនឹងកងដៃខ្មៅ ត្រូវពាក់ដោយអ្នកចូលរួម, ទង់ជាតិនឹងត្រូវបង្ហូតពាក់កណ្តាល ហើយភ្លេងជាតិ ត្រូវបន្លឺឡើងនៅក្នុងកីឡដ្ឋាន"៕