(បរទេស)៖ ក្នុងព្រឹត្តិការណ៍ប្រកាសចេញ iPhone 14 ថ្មីកន្លងទៅនេះ Apple មិនបានចេញផ្សាយអំពីសមត្ថភាពថ្មរបស់ខ្លួននោះទេ ប៉ុន្តែរបាយការណ៍ពី MacRumors ថ្មីនេះទើបតែទទួលបានព័ត៌មានពីមូលដ្ឋានទិន្នន័យនិយតកររបស់ចិន។ ដោយឡែកក្នុងនោះត្រកូល iPhone 14 ចំនួន ៣ ក្នុងចំណោម ៤ម៉ូដែលមានថាមពលថ្មធំជាង បើប្រៀបធៀបទៅនឹងត្រកូល iPhone 13 លើកលែងតែ iPhone 14 Pro Max ប៉ុណ្ណោះដែលបំពាក់ដោយទំហំថ្មតូចជាងបន្តិច បើធៀបនឹង iPhone 13 Pro Max។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះបានបង្ហាញពីការប្រៀបធៀបសមត្ថភាពថ្មទាំង iPhone 13 និង iPhone 14 ថ្មី ដោយក្នុងនោះរួមមាន៖

១. សមត្ថភាពថ្មសម្រាប់ត្រកូល iPhone 13

• iPhone 13 mini: មានទំហំថាមពលថ្ម 2,406 mAh
• iPhone 13: មានទំហំថាមពលថ្ម 3,227 mAh
• iPhone 13 Pro: មានទំហំថាមពលថ្ម 3,095 mAh
• iPhone 13 Pro Max: មានទំហំថាមពលថ្ម 4,352 mAh

២. សមត្ថភាពថ្មសម្រាប់ត្រកូល iPhone ១៤ថ្មី

• iPhone 14: មានទំហំថាមពលថ្ម 3,279 mAh
• iPhone 14 Plus: មានទំហំថាមពលថ្ម 4,325 mAh
• iPhone 14 Pro: មានទំហំថាមពលថ្ម 3,200 mAh
• iPhone 14 Pro Max: មានទំហំថាមពលថ្ម 4,323 mAh

ជាមួយគ្នានេះ Apple បានគូសបញ្ជាក់ថា iPhone 14 ទាំង ៤ម៉ូដែលរបស់ខ្លួនមានសមត្ថភាព «កាន់ថ្មបានពេញមួយថ្ងៃ»។ ខណៈម៉ូដែល iPhone 14, iPhone 14 Pro និង iPhone 14 Pro Max ទទួលបានថាមពលថ្មយូរជាងមុនមួយម៉ោងសម្រាប់ការមើលវីដេអូដោយមិនប្រើអ៊ីនធឺណិតបើធៀបទៅនិង iPhone 13។ ចំពោះ iPhone 14 Plus វិញត្រូវបាន Apple អះអាងថាអាចនិងមានថាមពលថ្មប្រើប្រាស់បានយូរមិនធ្លាប់មាន ប៉ុន្តែគេមិនបានបញ្ជាក់ក្នុងរបាយការណ៍ចេញផ្សាយនោះទេ៕