(វ៉ូលវើហេមតុន)៖ ក្លិប Wolverhampton Wanderers បានចុះកិច្ចសន្យាជាមួយកីឡាករ Diego Costa លើការផ្ទេរដោយឥតបង់ថ្លៃ។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅលីគ Premier League នាថ្ងៃចន្ទ ជាមួយនឹងអតីតខ្សែប្រយុទ្ធក្លិប Chelsea និង Atletico Madrid បានចូលរួមជាមួយ ចំពេលដែលក្លិបកំពុងមានវិបត្តិដោយសារកីឡាកររបួសផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ខ្សែប្រយុទ្ធអូទ្រីស Sasa Kalajdzic ជាកីឡាករចំណូលថ្មីរបស់ក្លិប Wolves ដែលមានតម្លៃខ្លួន ១៨លានអឺរ៉ូ (១៨.២៤លានដុល្លារ) បានរងរបួសសរសៃពួរជង្គង់ នៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់លោក ស្របពេលដែលខ្សែប្រយុទ្ធម៉ិកស៊ិក Raul Jimenez កំពុងតែអវត្តមានពីការប្រកួតផងដែរ ដោយសាររបួសក្រលៀន។

Costa វ័យ ៣៣ឆ្នាំ បានក្លាយជាកីឡាករគ្មានក្លិបលេង បន្ទាប់ពីចាកចេញពីក្លិបប្រេស៊ីល Atletico Mineiro កាលពីខែមករា ហើយបន្ទាប់ពីជាប់ការធ្វើតេស្តសុខភាពកាលពីសប្តាហ៍មុន លោកបានចុះហត្ថលេខា លើកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយក្លិប Wolves។

Costa បានបង្កើតឈ្មោះ ក្នុងការពាក់អាវលេខ៩ នៅក្លិប Chelsea ចម្លោះឆ្នាំ២០១៤-២០១៧ ដោយបានស៊ុតបញ្ចូលទី ៥៩គ្រាប់ ក្នុងការប្រកួតទាំងអស់ និងបានជួយក្លិបមានមូលដ្ឋាន នៅទីក្រុង London មួយនេះ ដណ្តើមបានពានរង្វាន់ Premier League ចំនួន២ បន្ទាប់ពីបានចុះកិច្ចសន្យា តម្លៃ ៣២លានផោន។

ក្នុងពេលលេងនៅ Atletico វិញ លោកបានស៊ុតបញ្ចូលទី ៨៣គ្រាប់ ឈ្នះពានរង្វាន់ La Liga ចំនួន២ និងពានរង្វាន់ Europa League ផងដែរ។

Wolves កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៤ ក្នុងតារាង ដោយឈ្នះបានត្រឹម ១ប្រកួត ហើយការប្រកួតបន្ទាប់របស់ពួកគេ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Manchester City នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕