(ភ្នំពេញ)៖ នៅថ្ងៃ១៤-១៥ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងសហការជាមួយក្រុមហ៊ុន AEON Cambodia ព្រមទាំងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត រៀបចំកិច្ចសម្ភាសការងារចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច ដោយនាំយកឱកាសការងារជាច្រើនកន្លែង និងច្រើនជំនាញជូនដល់និស្សិត ដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។

នាឱកាសនេះដែរ លោក ស្រី សំឆៃយ៉ា អ្នកគ្រប់គ្រងធនធានមនុស្សក្នុងក្រុមហ៊ុន AEON Cambodia លើកឡើងថា កន្លងមកខាងក្រុមហ៊ុនបានសហការជាមួយនឹង NEA ក្នុងការជ្រើសរើសបុគ្គលិកជាច្រើនលើកច្រើនសារណាស់មក ហើយ។ លោកបញ្ជាក់ថា NEA ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយដល់ក្រុមហ៊ុន ក្នុងការជ្រើសរើសបុគ្គលិកកន្លងមក។

ចំពោះការចូលរួមជាមួយ NEA ពីរថ្ងៃខាងមុខនេះ ក៏នឹងរួមចំណែកដ៏សំខាន់ ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយ គុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឲ្យមានឱកាសជួបសម្ភាសន៍ការងារផ្ទាល់។

គួរបញ្ជាក់ផងដែរថា កម្មវិធីកិច្ចសម្ភាសការងារនេះ នឹងរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕