(អឺរ៉ុប)៖ ក្លិបរហ្សនាម (សារិកាព្រៃ) Newcastle United បានសម្រេចបង្ហាញវត្តមានអ្នកចាំទី Loris Karius ដែលជាអតីតសមាជិកក្រុម Liverpool ក្នុងកិច្ចសន្យាដំបូងរបស់គេមានរហូតដល់ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងលីគអង់គ្លេស Premier League។ នេះបើតាមប្រភព BBC ឲ្យដឹងនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

បុរសវ័យ ២៩ឆ្នាំសញ្ជាតិអាល្លឺម៉ង់ Loris Karius បានក្លាយជាកីឡាករគ្មានតម្លៃផ្ទេរនោះទេ បន្ទាប់ពីចាក់ចេញពីក្លិប Liverpool ក្នុងរដូវក្តៅនេះ ក្រោយចំណាយពេលលេងក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លិប Besiktas អំឡុងរដូវកាល២០១៨-២០២០ និងបន្តជាមួយក្រុម Union Berlin នារដូវកាល២០២០-២០២១។

Karius ក៏ទទួលបានការសរសើពីគ្រូបង្វឹកលោក Eddie Howe ថាជាកីឡាករចាំទីល្អម្នាក់ដែលមានបទពិសោធល្អក្នុងការប្រកួតពាន Premier League និងពានអឺរ៉ុប។

នេះក៏ជាការសម្រេចបន្តមកកាន់ក្លិប Newcastle United នៃលីគអង់គ្លេស បន្ទាប់ពីអ្នកចាំទី Karl Darlow បានជួបបញ្ហារបួសកជើង ហើយកីឡាករ Karius បានបង្ហាញអារម្មណ៍ថា «ខ្ញុំពិតជាមានក្តីរំភើបរីករាយ ដែលវាជាគម្រោងដ៏ត្រឹមត្រូវ ក្នុងការធ្វើការជាមួយគ្រូបង្វឹក និងមិត្តរួមក្រុមថ្មីរបស់ខ្ញុំ»