(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានផ្ដាំផ្ញើ និងក្រើនរំឮកដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ដែលត្រៀមចេញទៅហាត់នៅចិននាថ្ងៃទី១៥ ខែកញ្ញាខាងមុខ ត្រូវខំប្រឹងឲ្យអស់ពីកម្លាំងកាយចិត្ដ ព្រោះជាបេសកកម្មដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ ពិសេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។

ការលើកឡើងនេះនៅក្នុងជំនួបសំណេះសំណាល និងជូនដំណើរកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ចំនួន ១២ប្រភេទ ស្មើនឹង ១៦១នាក់ ដែលត្រូវចេញទៅហាត់នៅចិន នាថ្ងៃទី១៣ ខែកញ្ញានេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក Wu Gouquan កុងស៊ុលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម តំណាងឯកអគ្គរាជទូតចិនប្រចាំកម្ពុជា។

លោកថា គម្រោងបញ្ជូនកីឡាករ-កីឡាការិនី ទៅហាត់នៅចិននេះ កើតចេញពីកិច្ចសហប្រតិបត្តិការពិសេស រវាងមិត្ដដែកថែប និងដៃគូយុទ្ធសាស្ដ្រយូរអង្វែង ដើម្បីជួយដល់វិស័យកីឡាកម្ពុជា ពិសេសការផ្ដល់នូវជំនួយឥតសំណង ក្នុងការកសាងពហុកីឡដ្ឋានជាតិមរតកតេជោ និងការជួយដល់កីឡាករ-កីឡាការិនី ក្នុងការស្វែងរកនូវការហ្វឹកហាត់ដ៏មានប្រសិទ្ធភាព នៅក្នុងគម្រោងអភិវឌ្ឍន៍បច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។

លោកបន្ដថា «យើងទាំងអស់គ្នា ទាំងគ្រូ និងកីឡាករ-កីឡាការិនីទាំងអស់ ទៅធ្វើការហ្វឹកហាត់នេះ គឺមានសារៈសំខាន់ សម្រាប់ជាតិ ពិសេសសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ៦៤ឆ្នាំ ដែលកកម្ពុជាយើងរង់ចាំ។ ចឹងយើងទាំងអស់គ្នា ជាម្ចាស់ផ្ទះ យើងត្រូវទៅហ្វឹកហាត់ដោយកម្លាំងកាយ កម្លាំងចិត្ត យ៉ាងមុតមាំ ដើម្បីស្រូបមកវិញនូវសិទ្ធផល និងគុណផលកម្រិតខ្ពស់ពីការហ្វឹកហាត់ក្នុងពេលនេះ។ ដើម្បីតបស្នងសងគុណ ដល់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយដល់កម្ពុជា ផ្ដល់នូវការឧបត្ថម្ភគាំទ្រពេញទំហឹង នៅក្នុងវិស័យកីឡានេះ យើងទាំងអស់គ្នា ត្រូវប្ដេជ្ញាចិត្តថា បេសកកម្មនេះ គឺជាបេសកកម្មពិសេស សម្រាប់មិត្តភាពយូរអង្វែរ និងរឹងមាំបន្ដទៀត រវាងកម្ពុជា-ចិន»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា ជាការពិតបេសកកម្មនេះ ផ្ដោតសំខាន់លើការហ្វឹកហាត់ តែក៏ត្រូវមានការរៀបចំខ្លួន ដើម្បីភ្ជាប់នូវទំនាក់ទំនាង ក៏ដូចជាការកសាងមិត្តភាព ជាមួយកីឡាករ-កីឡាការិនី និងគ្រូបង្វឹកចិន ដែលខិតខំផ្ដល់នូវចំណេះជំនាញដល់កីឡាករ-កីឡាការិនីកម្ពុជាផងដែរ។ លើសពីនេះ លោកបានប្រាប់កីឡាករទាំងអស់ ត្រូវត្រៀមចិត្តសាស្ដ្រខ្លួនឯង ទទួលយកនូវរាល់ការលំបាក និងការប៉ះទង្គិចនានា អំឡុងពេលហ្វឹកហាត់ ហើយតស៊ូរហូតចប់ចុងចប់ដើម។ ត្រូវប្រែក្លាយការលំបាក និងការឈឺចាប់ ក្នុងការហ្វឹកហាត់ ទៅជារឿងធម្មតា ហើយធ្វើឲ្យរឿងធម្មតានោះ ទៅជារឿងអស្ចារ្យ សម្រាប់ជីវិតជាអ្នកកីឡា។

ឆ្លៀតឱកាសនោះ លោក Wu Gouquan បានអបអរសាទរប្រតិភូ និងអត្តពលិកកកម្ពុជាទាំងអស់ ដែលត្រៀមចេញទៅហាត់នៅចិននាពេលនេះ បន្ទាប់ពីការខិតខំប្រឹងប្រែង រវាងភាគីចិន និងកម្ពុជា ដើម្បីជំរុញគម្រោងមួយនេះឲ្យដំណើរការរលូន។ លោកថា នេះគឺជាផ្នែកមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពមិត្តដែកថែប និងយុទ្ធសាស្ដ្រយូរអង្វែង រវាងចិន និងកម្ពុជា ជាក់ស្ដែងដើម្បីជួយកម្ពុជា ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ រដ្ឋាភិបាលចិន បានអនុវត្តនូវគម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ថែមទាំងផ្ដល់ជំនួយបច្ចេកទេសកីឡា ក្នុងគោលបំណងបង្កើនបច្ចេកទេស តាមរយៈការហ្វឹកហាត់ និងផ្ដល់សម្ភារៈ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅទៀតផង។

គួរដឹងថា ក្នុងការបោះជុំរុំហ្វឹកហាត់នៅចិន រដ្ឋាភិបាលចិន នឹងជួយឧបត្ថម្ភគាំទ្រដល់ការហ្វឹកហាត់នេះទាំងស្រុង ទាំងសំបុត្រយន្ដហោះ ទាំងការស្នាក់នៅហូបចុក ទាំងការព្យាបាល ទាំងការថែទាំសុខភាពជាដើម។ ចំពោះកីឡាទាំង ១២ប្រភេទ ដែលត្រូវចេញទៅហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នេះ រួមមាន ប្រតិភូដឹកនាំ ២នាក់, កាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងបាល់ទះ (១៥នាក់)៕