(ម៉ារ៉ុក)៖ Hakim Ziyech សម្រេចវិលចូលក្រុមជម្រើសជាតិម៉ារ៉ុកសារជាថ្មីវិញក្រោយបាត់មុខរយៈពេល ៧ខែមកនេះ ដែលស្ថិតក្រោមការកោះហៅគ្រូបង្វឹកលោក Walid Regergui ខណៈនឹងមានការប្រកួតមិត្តភាព ២លើកប៉ះជាមួយក្រុមឈីលី និងប៉ារ៉ាហ្គាយ ក្នុងខែកញ្ញា ឆ្នាំ២០២២ នេះ។

បុរសវ័យ ២៩ឆ្នាំ Ziyech បានសម្រេចចូលនិវត្តន៍ពីក្រុមជម្រើសជាតិម៉ារ៉ុក កាលខែកុម្ភៈ បន្ទាប់ពីធ្លាក់ចេញពីជម្រើសរបស់លោក Vahid Halilhodzic ដែលបានសម្រេចចែកផ្លូវគ្នាចាកចេញពីតំណែងកាលខែសីហាកន្លងទៅនេះ បណ្តាលពីបញ្ហាមិនចុះសម្រុងគ្នាជាមួយសហព័ន្ធអំពីការត្រៀមខ្លួននៅការប្រជែងពាន FIFA World Cup 2022។

គួររំលឹកផងថា គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ ខ្សែបម្រើស្លាប Zayech លេងបាន ៤០ប្រកួត និងរកបាន ១៧គ្រាប់ ដែលកំពុងលេងឲ្យក្លិបអាជីព Chelsea ខណៈជម្រើសជាតិម៉ារ៉ុក ក៏បានស្ថិតក្នុងពូល F ជាមួយក្រុមប៊ែលហ្ស៊ិក, កាណាដា និងក្រុមក្រូអាត នៃការប្រជែងពាន FIFA World Cup 2022 នាពេលខាងមុខនេះផងដែរនៅប្រទេសកាតា៕