(ភ្នំពេញ)៖ ជាអ្នកនិពន្ធទំនុកភ្លេង, ទំនុកច្រៀង, តារាភាពយន្ដ, ជាគ្រូបង្វឹក, តារាចម្រៀង, គណៈកម្មការប្រឡងចម្រៀង និងជាផលិតករភាពយន្តល្បីឈ្មោះ លោក សួន ពិសិដ្ឋ ត្រូវបានគេដឹងថា បន្ទាប់ពីបានប្រឡូកក្នុងការងារសិល្បៈ ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ និងជោគជ័យហើយនោះ ថ្មីៗនេះលោកបាន វិនិយោគលើវិស័យអចលនទ្រព្យ ដោយបានចាប់ដៃសហការជាមួយនឹងលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកជំនួញ, សហគ្រិន និងជាពាណិជ្ជករផ្នែកអចលនទ្រព្យ ដ៏លេចធ្លោម្នាក់ក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីមានឱកាសបានបោះទុនរកស៊ី លើវិស័យអចលនទ្រព្យជាមួយនឹងអ្នកជំនួញល្បីឈ្មោះហើយនោះ មហាជន និងអ្នកសិល្បៈ បានសង្កេតឃើញថា អ្នកនិពន្ធល្បីឈ្មោះលោក សួន ពិសិដ្ឋ ហាក់មមាញឹកខ្លាំងទៅលើការរៀបចំគម្រោងតូចធំនានា ដាក់ចេញនូវយុទ្ធសាស្ត្រទីផ្សារថ្មីៗ ដែលទទួលបានការណែនាំពីម្ចាស់អចលនទ្រព្យ និងបង្ហាញមុខចូលរួមបើកសម្ពោធ គម្រោងថ្មីៗបន្ថែមទៀតជាហូរហែ។

អ្នកនិពន្ធល្បីឈ្មោះ សួន ពិសិដ្ឋ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា លោកពិតជាមានក្ដីរីករាយយ៉ាងខ្លាំង នៅពេលលោកត្រូវបានបង្កើតឱកាសរួមគ្នា និងក៏ដូចជាការផ្ដល់ឱកាសពីលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាសហគ្រិន ពាណិជ្ជករអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះ ដើម្បីចូលរួមសហការរកស៊ីផ្នែកជំនួញ អចលនទ្រព្យមួយនេះជាមួយគ្នា ហើយក៏កំពុងតែបង្កើតឱកាសដល់អ្នកវិនិយោគ លើវិស័យអចលនទ្រព្យ នឹងអាចចូលរួមសហការជាម្ចាស់ភាគហ៊ុនដំបូង ជាមួយគ្នាលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យថ្មីនេះ។

សួន ពិសិដ្ឋ និយាយថា «ខ្ញុំជាមួយបងបណ្ឌិត គីម ហ៊ាង កំពុងគិតគូអំពីគម្រោងអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗទៀត ដែលយើងទាំងពីរបានចាប់ដៃគូសហការគ្នាជាម្ចាស់ភាគហ៊ុន។ សម្រាប់បងប្អូនអ្នកវិនិយោគលើវិស័យអចលនទ្រព្យ អាចចាប់ឱកាសនេះដំបូងគេបង្អស់ ក្នុងការវិនិយោគទុនជាដៃគូម្ចាស់ភាគហ៊ុន ជាមួយយើងខ្ញុំទាំងពីរនាក់បាន។ ឱកាសពិសេសសម្រាប់ម្ចាស់ភាគហ៊ុនដំបូង គឺមានចំនួនកំណត់..!»

តាមរយៈការខិតខំប្រឹងប្រែង និងមានផែនការច្បាស់លាស់ពីគម្រោងនីមួយៗរួមគ្នា ជាមួយនឹងកេរ្តិ៍ឈ្មោះអ្នកទាំងពីរដែលមានស្រាប់ លោក សួន ពិសិដ្ឋ មានជំនឿជឿជាក់យ៉ាងមុតមាំថា ការហក់មកប្រឡូកផ្នែកវិស័យមួយនេះ នឹងមិនធ្វើឲ្យលោកខកបំណងនោះទេ។ បើទោះជាការហក់មកប្រឡូកផ្នែកអចលនទ្រព្យនេះ ពេញទំហឹងជាមួយនឹងឧកញ៉ាបណ្ឌិត គីម ហ៊ាង ក្ដី ប៉ុន្តែលោក សួនពិសិដ្ឋ នៅតែបង្ហាញជំហរឹងមាំលើវិថីសិល្បៈ និងបានចែករំលែកចំណេះដឹងទស្សនៈជាច្រើន ដល់មហាជន, អ្នកសិល្បៈ និងមិត្តអ្នកគាំទ្រ នៅលើបណ្ដាញសង្គម និងតាមរយៈព្រឹត្តិការណ៍ផ្សេងៗដដែល ហើយលោកក៏មិនបោះបង់ចោលអាជីពជាអ្នកនិពន្ធ សិល្បករ តារាភាពយន្ដ និងបន្តការចូលរួមជួយជ្រោមជ្រែងវិស័យសិល្បៈ វប្បធម៌ ខ្មែរ របស់ខ្លួន ឲ្យកាន់តែខ្លាំងបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា អ្នកនិពន្ធល្បីឈ្មោះ សួន ពិសិដ្ឋ បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់សង្គមជាតិ ជាពិសេសក្នុងវិស័យសិល្បៈ មិនថាការសម្ដែងភាពយន្ដ ឬការតែងនិពន្ធបទចម្រៀងប្រភេទស្នេហាមនោសញ្ចេតនា បទប្រភេទជីវិត លើកកម្លាំងចិត្ត ជាពិសេសទៅទៀតនោះ គឺបទសម្រាប់លើកឡើង ពីមោទនភាពរបស់ប្រទេសជាតិផ្ទាល់តែម្ដង។ ក្នុងនោះមានដូចជាបទ «មោទនភាពជាតិខ្មែរ», «យុវជនខ្មែរ», «ខ្មែរដើម្បីខ្មែរ», «ប្រាសាទព្រះវិហារមរតកខ្មែរ», «Cambodia Kingdom Of Wonder», «យើងមានបេះដូង», «I Love Cambodia» និងបទ «Home» ជាដើម៕