(ភ្នំពេញ)៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក លឹម ចាន់ដាវុធ អភិបាលរងខណ្ឌ តំណាងឱ្យលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ បានចុះទៅដល់ទីតាំងក្លឹបបង្ហាត់ប្រដាល់គុនខ្មែរ របស់លោកគ្រូ អេ ភូថង ស្ថិតនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ លោក លឹម ចាន់ដាវុធ ក៏បានពាំនាំនូវការផ្ដាំសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជូនដល់លោកគ្រូ អេ ភូថង ធ្វើយ៉ាងណាឱ្យកីឡាករទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អក្នុងន័យលើកស្ទួយវិស័យកីឡាគុនខ្មែរ ឱ្យកាន់តែមានការរីកចម្រើនក្រោមការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

លោកបានសង្កត់ធ្ងន់ថា៖ «ក្នុងនាមអាជ្ញាធរលោកតែងតែទទួលបាននូវការណែនាំចង្អុលបង្ហាញ​ពីសំណាក់ថ្នាក់ដឹកនាំត្រូវធ្វើយ៉ាង​ណាចុះមូលដ្ឋានឱ្យដល់ទីតាំង​ទើបយល់ពីសុខទុក្ខ ការខ្វះខាត និងទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋពិតប្រាកដ ដោយលោកសុំធ្វើជាមន្ត្រីជើងពីររបស់សម្ដេច»

នាឱកាសនោះដែរ លោកគ្រូ អេ ភូថង បានទទួលយកការណែនាំពីសំណាក់ក្រុមការងាររដ្ឋបាលខណ្ឌកំបូល លោកមានការសប្បាយរីករាយបំផុត ខណៈពេលដែលក្លឹបប្រដាល់គុនខ្មែរ របស់លោកត្រូវបានថ្នាក់ដឹកនាំមូលដ្ឋានខណ្ឌយកចិត្តទុកដាក់ចុះមកដល់ទីតាំងផ្ទាល់បែបនេះ។ ក្នុងនាមជាគ្រូបង្ហាត់លោកបានសន្យាថានឹងព្យាយាមដឹកនាំសាលាគុនមួយនេះ ឱ្យមានការរីកចម្រើនទៅមុខ ដើម្បីចូលរួមលើកស្ទួយវិស័យប្រដាល់គុនខ្មែរ ស្មើមុខស្មើមាត់ លើឆាកជាតិ និងអន្តរជាតិតាមលទ្ធភាពដែលលោកអាចធ្វើទៅបាន។

លោកគ្រូ អេ ភូថង បានបន្ថែមថា សព្វថ្ងៃនេះក្លឹបរបស់លោកទទួលបានសិស្សចំនួន ៣៥នាក់ កំពុងតែធ្វើការហ្វឹកហាត់ ប្រសិនបើមានសិស្សគុនចង់ចូលហាត់បន្តលោកនឹងនៅតែទទួល។ អ្វីដែលលោកធ្វើ និងលះបង់ពេលនេះ គឺគោលបំណងចូលរួមលើកស្ទួយគុនខ្មែរ ឱ្យមានកេរ្តិ៍ឈ្មោះនៅលើសង្វៀនជាតិ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោកគ្រូ អេ ភូថង ក៏បានអំពាវនាវតាមរយៈអ្នកសារព័ត៌មាន សូមជួយផ្សព្វផ្សាយប្រសិនបើសប្បុរសជនមានចិត្តសប្បុរសធម៌ចង់ចូលរួមជួយឱ្យ​វិស័យប្រដាល់គុនខ្មែរនិយាយជារួម និងនិយាយដោយឡែកសាលាប្រដាល់គុនខ្មែរ របស់លោកពេលនេះក៏នៅមានការខ្វះខាត ដូច្នេះ ហើយប្រសិនបើថ្នាក់ដឹកនាំ​សប្បុរសជនវិស័យឯកជននានា មានចិត្តចង់លើកស្ទួយនៅវិស័យប្រដាល់គុនខ្មែរ សុំធ្វើការទំនាក់ទំនងមកសាលាគុនលោកដោយផ្ទាល់ក៏បាន ឬតាមរយៈលេខទូរស័ព្ទ៖ 097 9990397។

ជាចុងក្រោយក្នុងនាមលោកជាម្ចាស់ក្លឹបក៏ដូចជាគ្រូបង្គោល និងសិស្សានុសិស្សនៃសាលាប្រដាល់គុនខ្មែរទាំងអស់ សូមលំឱនកាយគោរពជូនពរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការទាំងអស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕