(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសតាជីគីស្ថាន ដោយសុវត្ថិភាពហើយ កាលពីយប់ថ្ងៃទី១៣ ខែកញ្ញាម្សិលមិញ ដើម្បីចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ីយុវជនអាយុក្រោម ២០ឆ្នាំ AFC U20 Asian Cup 2023 ពូល I ខណៈត្រូវប្រកួតបើកឆាកជាមួយក្រុម U20 លីបង់ នាវេលាម៉ោង ៧យប់នេះ(ម៉ោងនៅកម្ពុជា)។

គួរដឹងថា ដោយសារពេលវេលាខ្លី ក្រោយចុះពីយន្ដហោះភ្លាម ក្រុមគោព្រៃជំទង់កម្ពុជា បានធ្វើដំណើរទៅទីលានហ្វឹកហាត់ មុនបន្ដទៅសណ្ឋាគារដើម្បីសម្រាក ដើម្បីត្រៀមការប្រកួតដំបូង ជាមួយក្រុមជម្រើសជាតិ U20 លីបង់ នៅពហុកីឡដ្ឋាន Pamir Stadium ក្នុងទីក្រុង Dushanbe ប្រទេសតាហ្ស៊ីគីស្ថាន នាយប់ថ្ងៃពុធនេះ។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សម្រាប់បេសកកម្មនេះ ក្រុមជម្រើសជាតិ U20 កម្ពុជា គឺស្ថិតក្នុងពូល I ជាមួយក្រុមម្ចាស់ផ្ទះតាជីគីស្ថាន លីបង់ និងសិង្ហបុរី។ រីឯកម្មវិធីប្រកួត បន្ទាប់ពីប្រកួតបើកឆាកជាមួយលីបង់ ក្រុមយុវជនកម្ពុជា នឹងត្រូវជួបក្រុម U20 សិង្ហបុរី នាថ្ងៃទី១៦ ខែកញ្ញា និងចុងក្រោយជួបក្រុម U20 តាជីគីស្ថាន នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ៕