(បរទេស)៖ ក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet កំពុងប្រឈមមុខនឹងការទាមទារសំណងផ្លូវច្បាប់ប្រមាណ ២៥.៤ពាន់លានដុល្លារ ជុំវិញការអនុវត្តការផ្សាយពាណិជ្ជកម្មឌីជីថល (Adtech) របស់ខ្លួន នៅក្នុងចក្រភពអង់គ្លេស និងហូឡង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ជុំវិញករណីនេះត្រូវបានគេឱ្យដឹងថា មានបណ្តឹងចំនួនពីរដែលបានដាក់នៅក្នុងតុលាការចក្រភពអង់គ្លេស និង ហូឡង់ ខណៈដែលដើមបណ្តឹងនោះគឺមកពីក្រុមហ៊ុនមេធាវីឯកទេសខាងច្បាប់ប្រកួតប្រជែងលោក Damien Geradin។ តែយ៉ាងណាគេមិនបញ្ជាក់លម្អិតនោះទេថា បណ្តឹងអ្វីខ្លះដែល Google កំពុងត្រូវបានចោទប្រកាន់នោះ។

យ៉ាងណាមិញនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយលោក Damien Geradin នៃក្រុមហ៊ុន Geradin Partners បានលើកឡើងថា «វាដល់ពេលហើយដែល Google ត្រូវតែទទួលខុសត្រូវលើទង្វើររបស់ខ្លួន រួមទាំងសងសំណងខូចខាតដែលវាបានបង្កឡើងចំពោះឧស្សាហកម្មដ៏សំខាន់នេះ ហើយនោះគឺជាមូលហេតុដែលថ្ងៃនេះយើងកំពុងប្រកាសពីសកម្មភាពរបស់ Google នៅទូទាំងយុត្តាធិការចំនួនពីរដើម្បីទទួលបានសំណងសម្រាប់ក្រុមហ៊ុនដែលប៉ះពាល់នៅក្នុងសហភាពអឺរ៉ុប និង ចក្រភពអង់គ្លេស»