(ប៊ែរឡាំង)៖ ខ្សែបម្រើក្លិប RB Leipzig កីឡាករ Konrad Laimer នឹងត្រូវអវត្តមានពីការប្រកួតច្រើនសប្តាហ៍ បន្ទាប់ពីរបួសសរសៃកជើង។ នេះបើតាមការបញ្ជាក់ពីក្លិបអាល្លឺម៉ង់ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

កីឡាករអន្តរជាតិអូទ្រីស ដែលជិតសម្រេចកិច្ចសន្យាជាមួយក្លិប Bayern Munich កាលពីប៉ុន្មានសប្តាហ៍មុន ហើយក៏មានការជាប់ពាក់ព័ន្ធនឹងការផ្លាស់ទៅលេងឲ្យក្លិប Liverpool នោះ បានរងរបួស នៅក្នុងការប្រកួតឈ្នះ ៣-០ របស់ក្លិប Leipzig លើក្លិប Borussia Dortmund កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

«Konrad Laimer បានរងរបួសសរសៃចងកជើងឆ្វេងរបស់លោក ក្នុងការធ្វើជាម្ចាស់ផ្ទះឈ្នះក្នុងលទ្ធផល ៣-០ លើក្រុម Borussia Dortmund កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយនឹងអវត្តមានពីការប្រកួតជាច្រើនសប្តាហ៍»។ នេះបើតាមការបញ្ជាក់ពីក្លិបនៅក្នុងសេចក្តីថ្លែងការណ៍។

Leipzig ដែលនឹងប៉ះក្រុម Real Madrid ក្នុងព្រឹត្តិការណ៍ Champions League នៅថ្ងៃពុធនោះ បានចុះកិច្ចសន្យាជាមួយគ្រូបង្វឹក Marco Rose កាលពីសប្តាហ៍មុន។

លោកបានជំនួសតំណែងលោក Domenico Tedesco ដែលត្រូវបានដកចេញពីតំណែង បន្ទាប់ពីការចាប់ផ្តើមមិនល្អក្នុងលីគរបស់ក្រុម និងការប្រកួតចាញ់ក្នុងទឹកដី ៤-១ របស់ពួកគេ ក្រោមថ្វីជើងក្រុម Shakhtar Donetsk នៅព្រឹត្តិការណ៍ Champions League កាលពីសប្តាហ៍មុន៕