(ម៉ុនហ្សា)៖ ក្លិបអ៉ីតាលី Monza បានបណ្តេញគ្រូបង្វឹក Giovanni Stroppa ចេញពីតំណែងហើយ។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅលីគ Serie A នាថ្ងៃអង្គារ ជាមួយក្រុមដែលទើបឡើង មកលេងនៅលីគកំពូលនេះ បានស្ថិតនៅបាតតារាង បន្ទាប់ពីគ្មានជ័យជម្នះសោះ ក្រោយឆ្លងកាត់៦ប្រកួត។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

Monza ដែលគ្រប់គ្រងដោយអតីតនាយករដ្ឋមន្ត្រីអ៉ីតាលី Silvio Berlusconi បានឈ្នះការប្រកួតវគ្គជម្រុះកាលពីរដូវកាលមុន ដើម្បីឡើងទៅលេងនៅលីគកំពូលអ៉ីតាលី ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ «AC Monza សូមប្រកាសថា ខ្លួនបានដកលោក Giovanni Stroppa ចេញពីតំណែងជាគ្រូបង្វឹកនៃក្រុមជម្រើសដំបូង» Monza បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

សូមជម្រាបថា ការប្រកួតបន្ទាប់របស់ Monza នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Juventus នៅថ្ងៃអាទិត្យសប្តាហ៍នេះ ដោយក្លិបក៏បានសម្រេចតែងតាំងលោក Raffaele Palladino ជាគ្រូបង្វឹកថ្មី ដែលធ្លាប់កាន់តួនាទីជាគ្រូកម្រិត U15 និង U19 របស់ក្លិប៕