(ភ្នំពេញ)៖ លោក Oliver Scheer ជំនាញការអន្ដរជាតិ មកពីស្ថាប័នអត្តពលកម្មពិភពលោក (World Athletics) បានលើកឡើងថា សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នៅមានកង្វះខាតផ្នែកធនធានមនុស្ស ដែលត្រូវពង្រឹងបន្ថែម ដើម្បីឈានទៅរកធ្វើការងារជារួម និងបង្កើតគម្រោង សម្រាប់ជំរុញការអភិវឌ្ឍ និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។

ការលើកឡើងនេះ បន្ទាប់ពីលោកបានចំណាយពេលជាង ១សប្ដាហ៍ ជាមួយគម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម ដែលជាគម្រោងក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សហការជាមួយស្ថាប័នអត្តពលកម្មពិភពលោក និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី០៦-១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ ។

អ្នកជំនាញរូបនេះថា «អ្វីដែលយើងមើលឃើញ គឺកត្ដាធនធានមនុស្ស ដើម្បីធ្វើការជារួម និងការបង្កើតជាគម្រោង តែដោយសារយើងខ្វះធនធានមនុស្ស ធ្វើឲ្យគម្រោងពិបាកនឹងដំណើរការ ។ ក្នុងនោះកម្រិតថ្នាល យើងមិនទាន់មានអ្វីច្បាស់លាស់ នេះគឺជាភាពខ្វះខាតមួយ ដែលយើងមិនអាចមានលទ្ធផលល្អ ។ ក្រោយពីបានវាយតម្លៃហើយ ក៏មើលឃើញថា ស្ថានភាពកន្លែងណាខ្លះ ដែលយើងត្រូវលូតលាស់បន្ថែម ហើយអ្វីខ្លះដែលយើងត្រូវបង្កើត ដោយសារជាការសម្រួចគោលដៅទៅថ្ងៃមុខ»

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC បានបញ្ជាក់ថា គម្រោងខាងលើ ផ្ដោតសំខាន់លើ ២ចំណុច គឺទី១-ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធនៃការបង្វឹករបស់គ្រូបង្វឹក និងទី២-ការរៀបចំកែសម្រួល អភិវឌ្ឍ និងគ្រប់គ្រងរចនាសម្ព័ន្ធរបស់សហព័ន្ធ។ ក្រោយការវាយតម្លៃរបស់អ្នកជំនាញខាងលើ គឺមានចំណុចជាច្រើន ដែលសហព័ន្ធត្រូវធ្វើការពិនិត្យ និងកែសម្រួល ហើយលោកនឹងរៀបចំផែនការយុទ្ធសាស្ដ្រ និងការបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍទៅតាមអ្វីដែលលោកមើលឃើញ ក្រោមកិច្ចសហការជាមួយ NOCC បន្ដទៀត ។

លោកថា «គម្រោងនេះ មានសារៈសំខាន់ ដោយសារយើងត្រូវការមានជំនាញការមកពីអន្ដរជាតិ មានន័យថា ជំនាញការរបស់សហព័ន្ធពិភពលោកតែម្ដង ដើម្បីធ្វើការវាយតម្លៃស្របទៅតាមប្រព័ន្ធ និងស្ដង់ដាររបស់គាត់ ដែលគាត់មានជាសូចនាករសំខាន់ៗ និងច្បាស់លាស់ ដើម្បីកំណត់ថា តើស្ថានភាពរបស់សហព័ន្ធខ្មែរអត្តពលកម្ម ស្ថិតនៅកម្រិតណា? ហើយចំណុចណា ដែលគាត់ត្រូវធ្វើការកែសម្រួល? ហើយត្រូវការកែសម្រួលតាមវិធីណា? គាត់នឹងមានវិធីសាស្ដ្រច្បាស់លាស់ ដើម្បីរៀបចំ និងពង្រឹងសហព័ន្ធខ្មែរអត្តពលកម្មផងដែរ»

តាមរយៈគម្រោង ដែលឧបត្ថម្ភគាំទ្រដោយអង្គការសាមគ្គីអូឡាំពិកនេះដែរ លោក Oliver Schee នឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជាម្ដងទៀត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ខាងមុខ ដើម្បីធ្វើសិក្ខាសាលា ស្ដីពីការវាយតម្លៃរចនាសម្ព័ន្ធ/យុទ្ធសាស្ដ្រគម្រោង និងរៀបចំប្រព័ន្ធនៃការបង្វឹក ដល់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ព្រមទាំងការរៀបចំសិក្ខាសាលា បណ្ដុះបណ្ដាលគ្រូបង្វឹកប្រចាំចំនួន ១២លើក តាមរយៈប្រព័ន្ធ Online ផងដែរ។ លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់បន្ថែម ៕