(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១៤ រៀបចំផ្តល់នូវឱកាសការងារប្រមាណ ១៥១០កន្លែង ជូនដល់សិស្ស និស្សិត យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី «វេទិកាការងារ»

វេទិកាការងារនេះ ធ្វើឡើងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ ក្រុមហ៊ុនដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន CHIP MONG, មីក្រូហិរញ្ញវត្ថុ ស៊ី ធី ភីអិលស៊ី, Bon Chon, មីក្រូហិរញ្ញវត្ថុហត្ថា, ក្រុមហ៊ុនDCATHLON, លីហួ, ក្រុមហ៊ុន EVC, ក្រុមហ៊ុន SKECHERS, NAGAWORLD, CENTURY21, ក្រុមហ៊ុន NCX HONDA, ក្រុមហ៊ុន Land &home EL&H, ផ្សារទំនើបម៉ាក្រូ និងសមាគមមហាគ្រួសារអាយធីផងដែរ។

បើតាម លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលសម្របសម្រួលការរៀបចំព្រឹត្តិការណ៍នេះ បានឲ្យដឹងថា វេទិកាការងារប្រចាំខែបានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបានជួបជាមួយ អ្នកកំពុងស្វែងរកការងារធ្វើដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន និងសម្រេចផែនការរបស់ពួកគេដែលបានកំណត់។ អ្នកដែលមានបំណងស្វែងរក ការងារឬចង់ផ្លាស់ប្ដូរបទពិសោធន៍ការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឱ្យបានសមរម្យ ដើម្បីត្រៀមជួបសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗទាំងនោះ នៅថ្ងៃកម្មវិធីតែម្ដង។

ការរៀបចំកម្មវិធីនេះ ត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការ «៣ការពារ និង៣កុំ» ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ កូវីដ១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសេរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារសម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

កម្មវិធី «វេទិកាការងារ» គឺជាផ្នែកមួយក្នុងការផ្ដល់ឱកាសដល់សាធារណជនទូទៅ ជាពិសេសយុវជន ដែលចង់ស្វែងការងារធ្វើអ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។ សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើអាចយក ប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឲ្យបានសមរម្យទៅតាមមុខតំណែងដែលខ្លួនចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុននៅថ្ងៃកិច្ចសម្ភាស ចាប់ពីម៉ោង០៨:០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram ) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕