(លីវើភូល)៖ ១គ្រាប់តែតបញ្ចូលទីរបស់ខ្សែការពារ Joel Martip បានជួយឲ្យក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool យកឈ្នះក្រុមភ្ញៀវ Ajax ក្នុងលទ្ធផល ២ទល់នឹង១ ក្នុងប្រកួតទី២ ប្រចាំពូល A នារាត្រីឆ្លងចូលថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

គ្រាប់ជ័យជម្នះរកបាន ៣ពិន្ទុដំបូងក្នុងដីនៅ UEFA Champions League រដូវកាលនេះ កើតឡើងក្រោយពេលខ្សែប្រយុទ្ធ Mohamed Salah ជាអ្នករកបានគ្រាប់នាំមុខតាំងពីនាទី១៧ និងជាគ្រាប់ទី៣៤ របស់កីឡាករសញ្ជាតិអេហ្ស៊ីបផងដែរក្នុងពានអឺរ៉ុបនេះ នៅមុនពេល Kudus ជាអ្នករកបានតែ ១គ្រាប់ឲ្យក្រុមមកពីហូឡង់នោះ។

នេះមានន័យថា Liverpool ដែលជាក្រុមរងជើងឯកនារដូវកាលមុនមួយនេះ រកបានជ័យជម្នះនៅកីឡដ្ឋាន Anfield ទាំងលំបាក ដ្បិតទើបចាញ់ម្ចាស់ផ្ទះ Napoli ដោយលទ្ធផល ៤-១ កាលពីប្រកួតបើកឆាកសន្សំពិន្ទុពូល A ស្ថិតក្រោមការបង្វឹករបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp។

ក្នុងជំនួបធំនេះដែរ ខ្សែការពារ Daley Blind ដែលអតីតខ្សែការពារ Manchester United បានខកខានឱកាសរកគ្រាប់នាំមុខឲ្យ Ajax នៅមុនពេល Martip រកគ្រាប់ជ័យជម្នះវិញ៕