(ក្រុងឡុងដ៍)៖ Christoper Atherton បានបំបែកកំណត់ត្រាចាស់របស់ Eamon Collins ដើម្បីក្លាយជាកីឡាករក្មេងជាងគេលេងនៅចក្រភពអង់គ្លេស ដែលមានវ័យទើបតែ ១៣ឆ្នាំ និង ៣២៩ថ្ងៃតែប៉ុណ្ណោះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា យុវជនវ័យជាង ១០ឆ្នាំខាងលើនេះ ត្រូវបានដាក់ឲ្យចូលលេងក្នុងវគ្គទី២ នាយប់មិញនេះ ក្នុងជំនួបដែលក្រុម Glenavon បានបំបាក់គូប្រជែង Dollingstown នៅពាន League Cup ក្នុងលទ្ធផល ៦ទល់នឹង០។

នេះមានន័យថា កីឡាករសញ្ជាតិអៀរឡង់ខាងជើង Atherton បានបំបែកកំណត់ដែលកាន់ដោយបុរសវ័យ ៤២ឆ្នាំ Eamon Collins នៅពេលលេងឲ្យក្លិប Blackpool នោះមានវ័យទើបតែ ១៤ឆ្នាំ និង ៣២៣ថ្ងៃនោះ កាលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៨០។

ក្នុងប្រកួតនោះដែរ Atherton ក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Glenavon ស៊ុតបានសម្រេច ១គ្រាប់ផងដែរ ពោលគឺគ្រាប់ទី៦ ចុងក្រោយគេតែម្តង៕