(កូរ៉េ)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Sok-yeol បានបង្ហោះសារអបអរសាទរ ចំពោះអ្នកដឹកនាំ និងតួឯកប្រុសក្នុងរឿង «Squid Game» ចំពោះការឈ្នះពានរង្វាន់ធំៗចំនួន២ ពីកម្មវិធីពានរង្វាន់ដ៏ល្បីនៅអាមេរិក Emmy Awads ២០២២។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yonhap នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

អ្នកដឹកនាំរឿងលោក Hwang Dong-hyuk និងតារាសម្តែងប្រុស Lee Jung-jae អ្នកទាំងពីរបានឈ្នះពានរង្វាន់រៀងៗខ្លួន សម្រាប់ពានអ្នកដឹកនាំរឿងល្អបំផុត និងពានតួសម្តែងល្អបំផុត តាមរយៈរឿងភាគ «Squid Game» នៅក្នុងកម្មវិធី Emmy Awads ឆ្នាំ២០២២ ដែលធ្វើឡើងនៅទីក្រុង Los Angeles កាលពីដើមសប្តាហ៍នេះ។

នៅក្នុងសារអបអរសាទរ ចំពោះអ្នកដឹកនាំរឿង Hwang Dong-hyuk លោក Yoon បាននិយាយថា ការខិតខំប្រឹងប្រែង និងទេពកោសល្យដ៏ខ្លាំងក្លា ដែលបានបង្ហាញតាមរយៈអាជីពរបស់លោក នាំឲ្យលោកឈ្នះពានរង្វាន់ Emmy។ ជាពិសេស វិធីសាស្ត្រល្អិតល្អន់ និងការយល់ដឹងរបស់លោក Hwang ចំពោះបញ្ហានៃសង្គមសម័យទំនើប ធ្វើឲ្យស្នាដៃលោកទទួលបានការគាំទ្រ យ៉ាងជ្រាលជ្រៅពីប្រជាជនលើពិភពលោក។ ចំណែកសារអបអរចំពោះ តារាសម្តែង Lee លោក Yoon បានសរសេរថា វាពិតជាមានអត្ថន័យណាស់ ដែលតារាសម្តែងទទួលបានភាពល្បីល្បាញបន្ថែមទៀត តាមរយៈរឿង «Squid Game» នៅឆ្នាំនេះ។

ប្រធានាធិបតីកូរ៉េខាងត្បូងបានសង្កតធ្ងន់ថា «ការសម្តែងដ៏អស្ចារ្យរបស់អ្នក បានបញ្ចូលគ្នានូវតួអង្គរបស់អ្នក និងបេះដូងអ្នកទស្សនា។ ខ្ញុំទន្ទឹងរង់ចាំ ចំពោះការសម្តែងជាបន្តទៀត តាមរយៈស្នាដៃដ៏អស្ចារ្យទៅកាន់ពិភពលោក»