(អឺរ៉ុប)៖ បញ្ហារបួសបានបន្តធ្វើឲ្យអ្នកចាំទី Edouard Mendy និងខ្សែបម្រើ N’Golo Kante អវត្តមាននៃការដឹកនាំដំបូងរបស់គ្រូបង្វឹកថ្មីរបស់ក្លិបតោខៀវ Chelsea លោក Graham Potter ដែលត្រូវប៉ះក្រុម RB Salzburg នៃវគ្គចែកពូល E ក្នុងពាន UEFA Champions League សម្រាប់ប្រកួតទី២ នាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

Chelsea មិនទាន់រកបានពិន្ទុនោះទេនៃប្រកួតដំបូងប៉ះ Dinamo Zagreb ចាញ់ក្នុងលទ្ធផល ១-០ ដែលស្ថិតក្រោមការដឹកនាំរបស់លោក Thomas Tuchel ដ្បិត Chelsea នឹងត្រូវបើកទ្វារកីឡដ្ឋាន Stamford Bridge ទទួលក្រុមមកពីអូទ្រីស RB Salzburg ក្រោមការដឹកនាំថ្មីរបស់លោក Potter ដែលទើបតែងតាំងជំនួស។

ប្រភពពី BBC បានឲ្យដឹងថា ខ្សែបម្រើ Kante មានបញ្ហារបួសសរសៃពួរ ហើយអ្នកចាំទី Mendy ជួបបញ្ហារបួសជង្គង់ ហើយនេះជាការដឹកនាំប្រកួតក្នុងក្របខណ្ឌកំពូលអឺរ៉ុបដំបូងរបស់លោក Potter ដ្បិតធ្លាប់មានប្រវត្តិនាំយកក្រុម Ostersund ឡើងទៅប្រជែងពាន Europa League ផងដែរ៕