(បរទេស)៖ ក្រុមហ៊ុន Foxconn កំពុងចាប់ដៃគូរជាមួយក្រុមហ៊ុន Vedanta Resources ក្នុងការផលិតឧបករណ៍គ្រឿងអេឡិចត្រូនិច និង អេក្រង់ស្មាតហ្វូន ខណៈថ្មីៗនេះក្រុមហ៊ុនទាំង ២បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយរដ្ឋ Gujarat ប្រទេសឥណ្ឌា សម្រាប់ការសាងសង់រោងចក្ររួមគ្នាថ្មីនោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងនេះត្រូវបានគេឱ្យដឹងថា មានតម្លៃប្រមាណ ១៩.៥ពាន់លានដុល្លារ ដែលជាគម្រោងវិនិយោគធំបំផុតនៅក្នុងរដ្ឋឥណ្ឌា និងមិនធ្លាប់មានពីមុនមក។ ដោយឡែកសម្រាប់រោងចក្រថ្មីនោះត្រូវបានគេប៉ាន់ប្រមាណថា នឹងបង្កើតការងារជាង ១០០,០០០នៅជិតទីក្រុង Ahmedabad ក្នុងរយៈពេល ២ឆ្នាំខាងមុខ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Vedanta Resources គឺជាក្រុមហ៊ុនរុករករ៉ែដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលកំពុងគ្របដណ្តប់លើការសាងសង់រោងចក្រផលិតអេក្រង់ និង បន្ទះឈីប ខណៈដែល Foxconn នឹងបម្រើជាដៃគូរបច្ចេកទេស៕