(បរទេស)៖ ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថាខ្លួន បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយ Google ដើម្បីជំរុញការផលិតបន្ទះឈីបសម្រាប់អ្នកស្រាវជ្រាវ ដើម្បីបង្កើនសមត្ថភាពក្នុងការអភិវឌ្ឍន៍ឧបករណ៍ Nanotechnology និងឧបករណ៍ Semiconductor ថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងវិទ្យាស្ថានស្តង់ដារជាតិនៃនាយកដ្ឋានពាណិជ្ជកម្ម (NIST) និង Google ខណៈបន្ទះឈីបដែលសហការរួមគ្នានោះ នឹងត្រូវបានផលិតដោយក្រុមហ៊ុន SkyWater Technology ដែលមានទីតាំងនៅ Bloomington រដ្ឋ Minnesota ដែលជារោងចក្រផលិតសារធាតុ Semiconductor។

យ៉ាងណាមិញក្នុងកិច្ចសហការរួមគ្នានេះត្រូវបានគេឱ្យដឹងថា Google និងដើរតួនាទីជាអ្នករ៉ាប់រងថ្លៃដើមនៃការបង្កើតផលិតកម្ម ហើយនឹងឧបត្ថម្ភធនដល់ដំណើរការផលិត ចំណែកឯ NIST វិញនឹងចូលរួមជាមួយដៃគូរស្រាវជ្រាវសាកលវិទ្យាល័យដើម្បីឌីហ្សាញទៅលើបន្ទះឈីប។ ដោយឡែកក្នុងប្រតិបត្តិការស្រាវជ្រាវនោះមានសាកលវិទ្យាជាច្រើនចូលរួម រួមមាន សាកលវិទ្យាល័យ Michigan សាកលវិទ្យាល័យ Maryland សាកលវិទ្យាល័យ George Washington University សាកលវិទ្យាល័យ Brown និងសាកលវិទ្យាល័យ Carnegie Mellon ផងដែរ។

លើសពីនេះទៅទៀត NIST រំពឹងថា «កិច្ចសហការរួមគ្នានេះនឹងផលិតបន្ទះឈីបបានចំនួន ៤០ ដែលមានមុខងារផ្សេងៗគ្នា ដែលត្រូវបានធ្វើឱ្យប្រសើរឡើងសម្រាប់កម្មវិធីផ្សេងៗ របស់រដ្ឋាភិបាលក៏ដូចជាបម្រើទៅលើមុខងារសាធារណៈមួយចំនួន ទាំងនេះក៏ដោយសារតែការឌីហ្សាញបន្ទះឈីបនឹងក្លាយជាប្រភពបើកចំហរ ហើយអ្នកស្រាវជ្រាវនឹងអាចបន្តអភិវឌ្ឍន៍នៅគំនិតថ្មីៗ ដោយគ្មានការរឹតត្បិត ថែមទាំងអាចចែករំលែកទិន្នន័យ និង ការឌីហ្សាញឧបករណ៍ថ្មីៗដោយស៊េរីទៀតផង»

តែយ៉ាងណាចំពោះព័ត៌មានលម្អិតទាក់ទិននឹងហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញឱ្យដឹងជាផ្លូវការនោះឡើយ៕