(បរទេស)៖ ម្ចាស់ភាគហ៊ុនរបស់ Twitter បានយល់ព្រមលើកិច្ចព្រមព្រៀងទិញលក់តម្លៃ ៤៤ពាន់លានដុល្លារពីសំណាក់លោក Elon Musk បន្ទាប់ពីសំឡេងឆ្នោតគាំទ្រចំនួន ៩៨,៦ភាគរយ ដែលជាសំឡេងឆ្នោតដ៏ច្រើនលើសលុបបានយល់ព្រមឱ្យលើកិច្ចព្រមព្រៀងមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

ភាគទុនិកភាគច្រើនរបស់ Twitter បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងកាន់កាប់ ៤៤ពាន់លានដុល្លាររបស់ Elon Musk ដែលមានតម្លៃ ៥៤.២០ ដុល្លារក្នុងមួយហ៊ុន ហើយម្ចាស់ភាគហ៊ុនបានប្រគល់លទ្ធផលនៃកិច្ចព្រមព្រៀងនេះ ទៅឱ្យតុលាការជាអ្នកដោះស្រាយ ស្របពេលដែល លោក Elon Musk បានសម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀង និងកំពុងប្រឈមមុខបណ្ដឹងផ្លូវច្បាប់ពីសំណាក់ Twitter។

គួរបញ្ជាក់ផងដែរថា លោក Elon Musk បានស្នើសុំទិញបណ្ដាញសង្គម Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក ហើយ Twitter ក៏យល់ព្រមលក់ ប៉ុន្តែក្រោមមកមហាសេដ្ឋីលំដាប់ទី១រូបនេះ បានស្នើឱ្យ Twitter បង្ហាញភស្ដុតាងអំពីគណនីក្លែងក្លាយ ដែលមានតិចជាង ៥ភាគរយ ប៉ុន្តែ Twitter មិនបានបង្ហាញតាមការស្នើសុំនោះទេ ទើបធ្វើឱ្យ Elon Musk សម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀងមួយនេះ ហើយ Twitter ក៏សម្រេចចិត្តប្ដឹងលោក Elon Musk តែម្ដង៕