(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានរបូត ៣ពិន្ទុ ក្រោយចាញ់ក្រុមយុវជន U20 លីបង់ ដោយលទ្ធផល ០-១ ក្នុងជំនួបបើកឆាកពូល I នៃវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup 2023 នៅរាត្រីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះ។

ការប្រកួតដំបូង នៅកីឡដ្ឋាន Republican Central នាប្រទេសតាជីគីស្ថាននេះ ក្រុមគោព្រៃជំទង់កម្ពុជា បានរបូត ១គ្រាប់ តាំងពីនាទីទី៩ ដែលធ្វើសម្រេចដោយកីឡាករ Mohammad Sadek ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ៩០នាទី ទោះបីកម្ពុជា បានបង្កើតឱកាសម្ដងម្កាល នៅវគ្គទី២ យ៉ាងណាក៏ដោយ។

ក្រោយការបរាជ័យនេះ ក្រុមយុវជន U20 កម្ពុជា នឹងបន្ដជួបសិង្ហបុរី នាថ្ងៃទី១៦ ខែកញ្ញា មុនប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះ U20 តាជីគីស្ថាន នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ៕