(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ នៃក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជាជាផ្លូវការហើយ ដែលមានសមាជិកចំនួន ២២នាក់ដូចគ្នា ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែស និងក្រុមជម្រើសជាតិ U23 ជប៉ុន នាថ្ងៃទី២០ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។

ការបង្ហាញបញ្ជីឈ្មោះកីឡាករផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីក្រុមការងារគ្រូជម្រើសជាតិ ដែលដឹកនាំដោយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា រៀបចំធ្វើតេស្ដកាយសម្បទា និងកម្លាំង (30-15IFT test) កាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈគេសង្កេតឃើញកីឡាករធ្លាប់មានវត្តមានកន្លងមក ត្រូវបានបាត់មុខពីបញ្ជីលើកនេះផងដែរ។

សម្រាប់កីឡាករក្រុមជម្រើសជាតិកម្ពុជា (ក្រុមធំ) រួមមានកីឡាករ ហ៊ុល គឹមហ៊ុយ និង ម៉ាត់ នូរុណ(បឹងកេត), កែវ សុខសិលាន, ឈង់ ប៊ុនណាត, អ៊ុក សុវណ្ណ, អ៊ិន សូដាវីដ និង រ៉ឹង ប៊ុនហៀង (វិសាខា), សឿត បារាំង, ជួន ចាន់ចាវ, យ៉ើ សាហ្វី និង ប្រាក់ ធីវ៉ា (ភ្នំពេញក្រោន), ស៊ូ យ៉ាទី, គួច ដានី និងដាវ នីម (ណាហ្គាវើលដ៏), អោម ឧត្តម, សឿយ វិសាល, សារ៉េត គ្រីយ៉ា, គីម សុខយុទ្ធ និងត្រាយ វិចិត្រ(ព្រះខ័នរាជស្វាយរៀង), កាន់ ពិសាល និង ជឿន ណាចា (កងយោធពលខេមរភូមិន្ទ) និងកីឡាករកូនកាត់ខ្មែរ-អាមេរិក ថេឡរ នីកូឡាស ឌឿង មកពីក្លិប Orlando City នៃលីគទី៣ អាមេរិក។

ដោយឡែកសមាសភាពក្រុម U23 កម្ពុជា រួមមានកីឡាករ នី សុខរី, មិន រតនៈ និង អៀន ពិសី (ព្រះខ័នរាជស្វាយរៀង, អាត អូនតូច, ចាន់ សារ៉ាពេជ្រ, អះម៉ាត់ ស៊ូរីម និង ស រតនា (ព្រៃវែង), សុផល ឌីម៉ង(អង្គរថាយហ្គឺរ), រដ្ឋ វីរៈ គី រីណា និង សារ ទី (វិសាខា), កយ សាលីម, តាំង ប៊ុនឆៃ, វ៉ាំង ដាវីន និង សៀង ចន្ធា (បឹងកេត), លឹម ពិសុទ្ធ (ភ្នំពេញក្រោន), ដោរ រ៉ូហ្សាន់(ISI ដង្កោសែនជ័យ), ទូត សារ៉ុត(អក្គិសនីកម្ពុជា), លឹម អារុណរ៉េយមិន និង ថា ច័ន្ទឬទ្ធី (គិរីវង់), ទេព ហ្វីលីប (កងយោធពលខេមរភូមិន្ទ) និង ជា សុខម៉េង (ណាហ្គាវើលដ៏)៕