(ឡុងដ៍)៖ ការប្រកួតក្នុងលីគ Premier League របស់ក្លិប Arsenal ប៉ះក្រុម Manchester City នៅខែតុលាខាងមុខ ត្រូវបានពន្យារពេល ដើម្បីអនុញ្ញាតឲ្យការប្រកួតលីគ Europa League រវាងក្រុម Arsenal និងក្រុម PSV Eindhoven ធ្វើឡើង។ នេះបើតាមការប្រកាសពី UEFA និង the Premier League នាថ្ងៃពុធ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

ការប្រកួតជម្រុះក្នុងពូលរវាង Arsenal និង PSV ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅឯកីឡដ្ឋាន Emirates Stadium ត្រូវបានពន្យារពេលផងដែរ ដោយសារខ្វះមន្ត្រីសន្តិសុខ បន្ទាប់ពីការយាងសោយទីវង្គត របស់ព្រះមហាក្សត្រិយ៍ Elizabeth II។

ការប្រកួតឥឡូវនេះ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលាខាងមុខ ១ថ្ងៃបន្ទាប់ពី Arsenal ត្រូវជួប City។

Premier League បានលើកឡើងថា កាលបរិច្ឆេទសម្រាប់ការប្រកួតក្នុងលីគរវាង Arsenal និង City នឹងត្រូវប្រកាសឡើង ដើម្បីសងមកវិញ។

Arsenal ដែលជាក្រុមនាំមុខគេក្នុងតារាង នឹងត្រូវធ្វើដំណើរទៅជួបក្រុម Brentford ក្នុងលីគ Premier League នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕