(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា សរុបចំនួន ១៦១នាក់ លើ ១២ប្រភេទកីឡា បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញហើយ ដើម្បីត្រៀមចេញទៅហ្វឹកហាត់រយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងចេញដំណើរនាវេលាម៉ោង ៨៖៤៥នាទីព្រឹកនេះ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

អត្តពលិកទាំង ១២ប្រភេទកីឡាដែលនឹងត្រូវឃ្លាតឆ្ងាយពីមាតុភូមិ ក៏ដូចជាក្រុមគ្រួសារ ដើម្បីពង្រឹងការហ្វឹកហាត់ និងអភិវឌ្ឍន៍គុណផលកម្រិតខ្ពស់ត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ គឺមានប្រតិភូដឹកនាំ ២នាក់, កីឡាកាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងបាល់ទះ (១៥នាក់)។

ការចេញដំណើរនៅព្រឹកនេះ គេឃើញមានការជូនដំណើរពីថ្នាក់ដឹកនាំ ក៏ដូចជាគ្រូប្រចាំសហព័ន្ធកីឡាជាតិនីមួយៗ។ ប៉ុន្ដែមុនចាកចេញពីមាតុភូមិ ២ថ្ងៃ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងស្ថានទូតចិនប្រចាំនៅកម្ពុជា ក៏បានរៀបចំនូវកម្មវិធីជួបសំណេះសំណាល និងជូនដំណើរក្រុមជម្រើសជាតិកម្ពុជាផងដែរ ក្រោមវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងមានការចូលរួមពីលោក Wu Gouquan កុងស៊ុលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម តំណាងឯកអគ្គរាជទូតចិនប្រចាំកម្ពុជាទៀតផង។

សម្រាប់ការបោះជុំរុំហ្វឹកហាត់នេះដែរ ធ្វើឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដល់ក្រុមជម្រើសជាតិកម្ពុជា ជាមួយគម្រោងហ្វឹកហាត់រយៈពេល ២ឆ្នាំ ដល់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្ដែដោយសារបញ្ហាកូវីដ-១៩ គម្រោងនេះ ក៏ត្រូវបានពន្យាពេលរហូតមកទល់បច្ចុប្បន្ន ។ តែតាមការគ្រោងទុក បន្ទាប់ពីហ្វឹកហាត់ និងចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ រួច ប្រតិភូ និងអត្តពលិកដដែល នឹងត្រូវត្រឡប់ទៅហ្វឹកហាត់រយៈពេលវែងនៅចិនបន្ដទៀត រហូតដល់ចប់កិច្ចសន្យា ដែលចិន ជួយដល់កម្ពុជា។

លោក វ៉ាត់ ចំរើន បានផ្ដាំផ្ញើរ និងក្រើនរំឮកដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ មុនចេញដំណើរ កាលពីថ្មីៗថា នេះគឺជាបេសកកម្មដ៏សំខាន់ សម្រាប់ជាតិ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាកម្ពុជាទន្ទឹងរង់ចាំអស់ ៦៤ឆ្នាំ។ ហេតុនេះ ត្រូវមានចិត្តតស៊ូ និងព្យាយាម ក្នុងការហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសខ្លួនឯង ហើយគោរពឲ្យបានដាច់ខាតនូវវិន័យ និងសេចក្ដីថ្លៃថ្នូរ ដើម្បីរក្សាបាននូវកិត្តិយសជាតិ និងពង្រឹងទំនាក់ទំនងមិត្តដែកថែប និងជាដៃគូយុទ្ធសាស្ដ្រយូរអង្វែង រវាងកម្ពុជា-ចិន ផងដែរ៕