(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគកុំព្យូទ័រយួរដៃ ២០គ្រឿង បង់អង្គុយ ១០បង់ និងធុងសំរាម ៧ធុង ជូនដល់សាលាបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ I See I Do របស់លោក គឹម នី ជាគ្រូបង្រៀនជនពិការស្ម័គ្រចិត្ត នៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីសម្រួលដល់តម្រូវការសិក្សា របស់សិស្សានុសិស្សក្នុងសាលាទាំង ៤០០នាក់។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា៖ «ខ្មែរ ប៊ែវើរីជីស សូមកោតសរសើរទឹកចិត្តដ៏ប្រពៃរបស់ លោកគ្រូ គឹម នី ដែលជាជនពិការម្នាក់មានមហិច្ឆតាធំធេង បានលះបង់ពេលវេលានិងកម្លាំងកាយចិត្ត ជួយបណ្ដុះបណ្ដាលផ្ដល់ចំណេះវិជ្ជាដល់ក្មេងៗក្រខ្សត់ជាច្រើន ឲ្យក្លាយជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ នាថ្ងៃអនាគត»។

លោកគ្រូ គឹម នី បានថ្លែងអំណរគុណដល់ ខ្មែរ ប៊ែវើរីជីស ដែលបានចូលរួមធ្វើឲ្យសាលាមួយនេះនៅតែមានភាពរស់រវើក ដើម្បីបន្តថ្នាលបណ្ដុះបណ្ដាលដល់ក្មេងៗបន្តទៀត ដែលកំពុងត្រេកត្រអាលនឹង ការសិក្សា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងយកចិត្តទុកដាក់ទៅលើវិស័យអប់រំនៅកម្ពុជាតាមរយៈរូបភាពផ្សេងៗតួយ៉ាងដូចជា ការចូលរួមលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសាលារៀននៅទូទាំងប្រទេសកម្ពុជាតាមរយៈគម្រោង «សាលាស្អាត» ការដាក់ពង្រាយធុងសំរាម និងបង់អង្គុយនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាជាដើម៕