(កូរ៉េ)៖ ព្រិត្តិការណ៍ប្រគំតន្រ្តីរបស់តារាល្បីៗ នៅក្នុងទីក្រុងអានសាន ប្រទេសកូរ៉េ នៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ គឺមហាជន ក៏ដូចជាទស្សនិកជន ជាពិសេសបងប្អូនខ្មែរដែលរស់នៅទីនោះ និងតំបន់ផ្សេងទៀត អាចចូលរួមទស្សនាកម្សាន្តសប្បាយរីករាយដោយសេរី ពោលគឺពុំមានការលក់សំបុត្រអ្វីឡើយ។
ជាការពិត នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បងប្អូនខ្មែរនៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត បានសហការគ្នារៀបចំការប្រគំតន្ត្រីដ៏ធំមួយ នៅប្រទេសកូរ៉េខាងត្បូង ដើម្បីអបអរសាទរក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនបងប្អូនខ្មែរដែលរស់នៅទីនោះ ដោយការប្រគំតន្ត្រីនេះ មានអ្នកសិល្បៈល្បីៗក្នុងប្រទេសកម្ពុជាជាច្រើនបានចូលរូម។
តារាចម្រៀងល្បីៗដែលបានចូលរួមក្នុងកម្មវិធីនេះ មានដូចជាកំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា, លោក ខេម, លោក Tempo Tris, លោក Rawyer។ ក្រៅពីតារាចម្រៀងក្នុងផលិតកម្ម Galaxy ក៏មានតារាចម្រៀងជាច្រើនទៀតដូចជា រ៉ូលីន, កញ្ញា សុន ស្រីណុន, លោក ផាន់ ស៊ីថេត, កញ្ញា ចាន់ ឡៃវល័ក្ខ, លោក វណ្ណ ផាន់ណារ៉ា, លោក យ៉ែម សំអូន និងតារាកិត្តិយសជាច្រើនរូបទៀត។
ក្រុមអ្នកសិល្បៈទាំងនោះ និងចេញពីប្រទេសកម្ពុជា នៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ហើយការប្រគំតន្ត្រីគ្រោងប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងអានសាន នាពហុកីឡដ្ឋាន WASTADIUM ទីកន្លែងដែលបងប្អូនខ្មែរយើងរស់នៅច្រើនជាងគេតែម្ដង។
ព្រឹត្តិការណ៍ដ៏ធំលើទឹកដីកូរ៉េខាងត្បូង ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនេះ ត្រូវបានរៀបចំដោយ៖
- ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ
- សាលាក្រុងអានសាន
- ក្រុមការងារយុវជន ESEA
ដោយមានកិច្ចសហការឧបត្ថម្ភពីក្រុមហ៊ុន Galaxy Navatra Group និង GMoneyTrans
ដូចដែលបានរៀបរាប់ខាងលើ សូមគោរពអញ្ជើញពុកម៉ែបងប្អូន អញ្ជើញទៅចូលរួម ដោយកម្មវិធីគ្រោងធ្វើរួមមានដូចជា ពិធីសាសនាភ្ជុំបិណ្ឌ, ល្បែងប្រជាប្រិយ, សម្តែងសិល្បៈ ការប្រគំតន្រ្តី, រាំលេងកម្សាន្តរហូតដល់ចប់ និងចូលរួមដោយសេរី។ អាសយដ្ឋាន: 경기 안산시 단원구 초지동 (안산와스타디움) បងប្អូនដែលចង់បានស្តង់ សូមទំនាក់ទំនង៖ ០១០-៨០៥៥-០៨០១ ០១០-៥៩៤៤-២១២៧៕
https://fb.watch/fyHlIdEJ-W/