(អាមេរិក)៖ តារាចម្រៀងរ៉េបល្បីឈ្មោះម្ចាស់ពានរង្វាន់ Grammy Award នាង Cardi B នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ អំឡុងឡើងតុលាការ បានសារភាពចំពោះបទចោទប្រកាន់ចំនួន២ករណី ដែលនាងបានប្រព្រឹត្តិ កាលពីឆ្នាំ២០១៨ ក្នុងហេតុការណ៍ឈ្លោះប្រកែក វាយតប់ជាមួយបុគ្គលក្លិបកំសាន្ត។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ប៉ូលីសបាននិយាយថា ក្នុងឆ្នាំ២០១៨ តារាចម្រៀងរ៉េបរូបនេះបានទៅក្លិបកំសាន្តមួយកន្លែងឈ្មោះថា Angels Strip Club ដែលស្ថិតក្នុងទីក្រុង New York ជាទីកន្លែងដែលតារារូបនេះ ឈ្លោះប្រកែកជាមួយអ្នកក្រឡុកស្រាស្រីៗចំនួន២នាក់ ហើយមានការវាយតប់គ្នាផងដែរ ខណៈមូលហេតុនៃការវាយតប់គ្នានោះ ដោយសារតែ Cardi B ចោទម្នាក់ក្នុងចំណោមជនរងគ្រោះពីរនាក់នោះថា មានទំនាកទំនងស្នេហាជាមួយប្តីរបស់នាង។
យ៉ាងណាមិញ ចំពោះករណីទាំងពីរនេះ គឺជាបទមជ្ឈិមប៉ុណ្ណោះ តែយ៉ាងណា តារារ៉េប Cardi B ត្រូវបានគេដឹងថា បានជាប់ពាក់ព័ន្ធនឹងករណីផ្សេងជាច្រើនទៀត។
ជាក់ស្តែង កាលពីឆ្នាំ២០១៩ បានសារភាពមិនទទួលស្គាល់ ចំពោះបទចោទប្រកាន់ពាក់ព័ន្ធការវាយតប់ក្នុងករណីផ្សេងទៀត ខណៈកាលពីឆ្នាំ២០១៩ នាងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ រួមជាមួយនឹងបុគ្គលពីរនាក់ផ្សេងទៀត ដែលជាបក្ខពួករបស់នាង៕