(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានដឹកនាំបុគ្គលិកមកពីគ្រប់ពាណិជ្ជកម្ម ព្រមទាំងនិស្សិតអាហារូបករណ៍ ជីប ម៉ុង ចូលរួមទិវាសម្អាតពិភពលោក ឆ្នាំ២០២២ ដែលប្រពឹ្រត្តទៅកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅបរិវេណផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៃសង្កាត់ភ្នំពេញថ្មី សរុបប្រមាណជាង ១០០ នាក់។ ជាងនេះទៅទៀត ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយរបស់ ជីប ម៉ុង ក៏បានចូលរួមព្រឹត្តិការណ៍នេះ ដោយដំណើរការរថយន្តសម្អាតផ្លូវចំនួនបីគ្រឿង នៅលើផ្លូវប្រាំខ្សែ ក្នុងរាជធានីភ្នំពេញ ផងដែរ។
ទិវានេះប្រព្រឹត្តទៅដោយមានការសម្អាតទីក្រុងរួមគ្នា ដោយអ្នកចូលរួមបានស្ម័គ្រចិត្តរើស ប្រមូល និងទុកដាក់សំរាម នៅជុំវិញផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល តាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ផ្លូវ១០០៣ ផ្លូវ៣០៣២ និងផ្លូវ១០១៥។ ចំណែករថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបោស និងលាងសម្អាតមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ផ្លូវ១០០៣ ផ្លូវ១៩៨៦ និងផ្លូវ៥៩៨។
ទិវាសម្អាតពិភពលោក ប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅ ១៩១ ប្រទេសទូទាំងសកលលោក ក្នុងគោលបំណងដោះស្រាយបញ្ហាកាកសំណល់ និងកសាងពិភពលោកប្រកបដោយចីរភាព។ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកដែលបានរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការសង្គម ជាពិសេសគឺការលើកកម្ពស់បរិស្ថាន ក្រុមហ៊ុន ជីប ម៉ុង បានគាំទ្រយ៉ាងពេញទំហឹងក្នុងការរៀបចំឱ្យមានទិវានេះកើតឡើង ដើម្បីរួមចំណែកធ្វើឱ្យរាជធានីភ្នំពេញស្អាត និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនក្នុងការទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង មានគោលតម្លៃសំខាន់មួយ គឺ «បរិច្ចាគទៅសង្គមឱ្យបានច្រើន» ហើយក្នុងនោះ វិស័យបរិស្ថានគឺជាវិស័យចម្បងមួយក្នុងចំណោមប្រាំ ដែលក្រុមហ៊ុនផ្ដោតសំខាន់។
កន្លងមក ក្រុមហ៊ុនបានរៀបចំសកម្មភាពបរិស្ថានជាច្រើន ដូចជាការប្រមូលសំរាមនៅទីសាធារណៈ ការបរិច្ចាគធុងសំរាមដល់ស្ថាប័នរដ្ឋ សាលារៀន ការដំណើរការរថយន្តសម្អាតផ្លូវទូទាំងប្រទេស កម្មវិធីដាំដើមឈើ ជាដើម។ ជាងនេះទៅទៀត ក្រុមហ៊ុន ជីប ម៉ុង តែងតែយកចិត្តទុកដាក់លើការវិនិយោគប្រកបដោយចីរភាព រួមមានការប្រើប្រាស់បច្ចេកវិទ្យាក្នុងរោងចក្រផលិតដែលមិនប៉ះពាល់ដល់បរិស្ថាន ការសន្សំសំចៃថាមពល ការកាត់បន្ថយក្រដាស ការគ្រប់គ្រងកាកសំណល់ឧស្សាហកម្មក្នុងប្រទេស តាមរយៈគម្រោង «ជីប ម៉ុង អេកូសាយខល» នៃក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ជាដើម៕