(កណ្ដាល)៖ នាឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនឹងកាន់តែសប្បាយរីករាយ ខណៈរាជរដ្ឋាភិបាលគ្រប់គ្រងស្ថានការណ៍កូវីដ១៩បានយ៉ាងល្អនៅទូទាំងប្រទេស រីឯប្រជាជនក៏កំពុងចូលរួមធ្វើបុណ្យទាន និងដើរលេងកម្សាន្តយ៉ាងរីករាយកក់ក្ដៅ ដោយភាគច្រើនចូលចិត្តទីដែលមានធម្មជាតិស្រស់ស្អាត ទីធំទូលាយជាដើម។

ប្រសិនបើភ្ញៀវទេសចរត្រូវការទីលម្ហែកម្សាន្តធំទូលាយ ធម្មជាតិស្រស់ស្អាត ពួកគាត់អាចជ្រើសរើសដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានកែច្នៃបែបធម្មជាតិមួយនៅតំបន់សេដ្ឋកិច្ចពិសេស 7NG ខេត្តកណ្ដាល នោះគឺ Jet's Garden Park ឬដែលអ្នកខ្លះធ្លាប់ស្គាល់ថា Sky Land គ្រប់ដណ្ដប់លើផ្ទៃដី២០ហិកតា។

លោក ចំរើន សុខា អ្នកគ្រប់គ្រងទូទៅ Jet's Garden Park បានឱ្យដឹងថា នៅឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ Jet's Garden Park បានរៀបចំព្រឹត្តិការណ៍កម្សាន្តជាច្រើន ដូចជា ការប្រគុំតន្ត្រីស្រុកស្រែ កម្សាន្តដោយការបាញ់ពពុះសាប៊ូ ទស្សនាទេសភាពក្នុងរមណីយដ្ឋាន។

លោកបានបន្តថា បច្ចុប្បន្ន Jet's Garden Park បានរៀបចំឱ្យមានសួនកែច្នៃប្រកបដោយភាពច្នៃប្រឌិត សួនសត្វ សួនសត្វសិប្បនិម្មិត រីស៊តដែលភ្ញៀវទេសចរអាចស្នាក់នៅ អាងហែលទឹកសម្រាប់កុមារនិងមនុស្សពេញវ័យ ជិះរទេះភ្លើងកែច្នៃសម្រាប់កុមារៗ ជិះកង់ តារាងបាល់ទាត់សម្រាប់អ្នកដែលចូលចិត្តកីឡា ព្រមទាំងមានសេវាកម្មម្ហូបអាហារ សេវាកម្មបោះតង់ និងសេវាកម្មកម្សាន្តជាច្រើនទៀត។

អ្នកគ្រប់គ្រងទូទៅរូបនេះក៏បានអំពាវនាវដល់ភ្ញៀវទេសចរ ពិសេសប្រជាពលរដ្ឋដែលអញ្ជើញទៅវត្តអារាម មកពីវត្តវិញចង់ទៅលេងកម្សាន្ត អាចអញ្ជើញទៅឬមកទស្សនានៅ Jet's Garden Park បានដោយក្ដីរីករាយ។

គួរជម្រាបថា Jet's Garden Park មានទីតាំងស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ខេត្តកណ្ដាល៕