(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានលើកឡើងថា អាជ្ញាកណ្ដាល-ចៅក្រម ត្រូវស្គាល់តួនាទីសំខាន់២ ហើយត្រូវចៀសវាងដាច់ខាតនូវអគតិទាំង៤ ដើម្បីរក្សានូវគុណតម្លៃរបស់ខ្លួន។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកីឡាចំបាប់កម្រិតមូលដ្ឋាន ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោយដំណើរការរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមសរុប ៣០នាក់មកពីរាជធានីភ្នំពេញ ខេត្តកណ្ដាល និងក្រសួងមហាផ្ទៃ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើបានថ្លែងថា វគ្គនេះមានសារសំខាន់ណាស់ ដើម្បីពង្រឹងធនធានមន្ដ្រីបច្ចេកទេស សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ហេតុនេះ អាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ ត្រូវខិតខំសិក្សា និងដុះខាតចំណេះជំនាញរបស់ខ្លួន ដើម្បីផ្លាស់ប្ដូរឲ្យកាន់តែរីកចម្រើន ពិសេសត្រូវស្គាល់តួនាទីរបស់ខ្លួន។

លោកបន្ដថា «អាជ្ញាកណ្ដាល-ចៅក្រម ត្រូវរៀបចំឥរិយាបថយ៉ាងម៉េចឲ្យក្លាយទៅជាអាជ្ញាកណ្ដាល-ចៅក្រម? អាជ្ញាកណ្ដាល-ចៅក្រម ត្រូវមានតួនាទី ទី១-ការពារបទបញ្ជាការប្រកួត។ មានន័យថា រាល់ច្បាប់ប្រកួតរបស់ WW ទាំងអស់ ត្រូវយកមកការពារឲ្យបាននូវគោលការណ៍ Fair-Play ពេលយើងអនុវត្ត និងទី២-ត្រូវបញ្ជ្រាបចំណេះដឹង (បទបញ្ជា WW) ទាំងអស់ទៅអ្នកផ្សេងៗ រាប់ពីគ្រូបង្វឹក កីឡាករ-កីឡាការិនី រហូតដល់មហាជនផងដែរ»។

មួយវិញទៀត ក្នុងស្មារតីនៃការពារច្បាប់ ត្រូវតាមដានបច្ចុប្បន្នភាពនៃច្បាប់អន្ដរជាតិជានិច្ច ដើម្បីទទួលបាននូវពុម្ពតែមួយ និងវិន័យតែមួយ ដែលជាស្ដង់ដារួមត្រូវអនុវត្ត។ អ្វីដែលសំខាន់ ត្រូវលុបចោលនូវអគតិទាំង៤ ក្នុងក្រមសីលធម៌ជាអាជ្ញាកណ្ដាល-ចៅក្រម។ ទី១-គ្រួសារនិយម ទី២-សេចក្ដីស្រលាញ់ (មនោសញ្ចេតនា) ទី៣-ស្រលាញ់ដោយសារផលប្រយោជន៍ និងទី៤-គំនាបរបស់នរណាម្នាក់។

ប្រមុខសហព័ន្ធខាងលើ បានសង្កត់ធ្ងន់ថា «អគតិទាំង៤នេះ កុំឲ្យមានក្នុងខ្លួនរបស់អាជ្ញាកណ្ដាល-ចៅក្រម បានយើងអាចក្លាយទៅជាអាជ្ញាកណ្ដាល-ចៅក្រម ដែលមានកេរ្ដិ៍ឈ្មោះ។ យើងកសាងកេរ្ដិ៍ឈ្មោះអាជ្ញាកណ្ដាល-ចៅក្រមរបស់យើង។ ចឹងអគតិទាំង៤នេះ គឺជាក្រមសីលធម៌របស់អាជ្ញាកណ្ដាល-ចៅក្រម ត្រូវមានឯករាជភាពលើខ្លួនឯង ដែលជាគុណតម្លៃដ៏សំខាន់របស់យើង»

ឆ្លៀតឱកាសនោះដែរ លោក វ៉ាត់ ចំរើន ជំរុញឲ្យអាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ ក្រោយបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានខាងលើ ត្រូវខិតខំសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីបង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់ខ្លួន សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។ ពិសេសលោកបានជំរុញឲ្យអគ្គលេខាធិការ និងរដ្ឋបាលសហព័ន្ធ រៀបចំអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជា ចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតអន្ដរជាតិនានា ដើម្បីទទួលបាននូវអាជ្ញាប័ណ្ណអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ។

គួរដឹងថា វគ្គបណ្ដុះបណ្ដាលខាងលើ គឺបង្រៀនដោយអាជ្ញាកណ្ដាលអន្ដរជាតិរបស់កម្ពុជា២រូប គឺលោក នុត សេរីរដ្ឋា និង យឹង សុវណ្ណារ៉ា ខណៈជាលទ្ធផលក្រោយសិក្សារយៈពេល៣ថ្ងៃ មានសិក្ខាកាមទទួលបានិទ្ទេសល្អ ៩០% និងនិទ្ទេសល្អបង្គួរ១០%៕