(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ U20 តាជីគីស្ថាន នាវេលាម៉ោង ១០យប់នេះ(ម៉ោងនៅកម្ពុជា) ដែលជាការប្រកួតបញ្ចប់ពូល I នៃវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup 2020។
នេះគឺជាការប្រកួតទី៣ របស់ក្រុមគោព្រៃជំទង់កម្ពុជា បន្ទាប់ពីប្រកួតបើកឆាកចាញ់លីបង់ ១-០ និងប្រកួតបន្ទាប់ ស្មើក្រុមយុវជនសិង្ហបុរី ១-១ ។ ដូច្នេះកម្ពុជា នៅសល់ឱកាសតិចតួចបំផុត ក្នុងការស្វែងរកកៅអីវគ្គបន្ដ ប្រសិនបើអាចយកឈ្នះក្រុមម្ចាស់ផ្ទះយប់នេះ។
គួរដឹងថា បច្ចុប្បន្នក្នុងពូល I នៃវគ្គជម្រុះពានរង្វាន់យុវជនជើងឯកអាស៊ីនេះ តាជីគីស្ថាន កំពុងឈរកំពូលតារាង និងមាន ៤ពិន្ទុ បន្ទាប់ពីឈ្នះ១ និងស្មើ ១ មុនជួបកម្ពុជា តាមពីក្រោយដោយលីបង់ មាន ៣ពិន្ទុ និងសិង្ហបុរី មាន ២ពិន្ទុ ខណៈកម្ពុជា ឈរលេខ៤ មាន ១ពិន្ទុប៉ុណ្ណោះ៕