(ភ្នំពេញ)៖ មន្ទីរពេទ្យ FV (បារាំង-វៀតណាម) ស្ថិតនៅទីក្រុងហូជីម៉ិញ ប្រទេសវៀតណាម និងមានការិយាល័យនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាសុខភាព ក្រោមប្រធានបទ «វីធីសាស្រ្តទំនើបនៃការពិនិត្យ ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងព្យាបាលក្នុងជំងឺក្រពះពោះវៀន» ដើម្បីចែករំលែកទំនើបកម្មនៃបច្ចេកទេសវេជ្ជសាស្ដ្របច្ចុប្បន្ន ដល់វេជ្ជបណ្ឌិត និងប្រជាពលរដ្ឋកម្ពុជា។

សិក្ខាសាលារយៈពេល ១ថ្ងៃពេញ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា បានធ្វើឡើងចំនួន ២វគ្គ ពោលគឺពេលព្រឹក ត្រូវបានអញ្ជើញចូលរួមដោយវេជ្ជបណ្ឌិតកម្ពុជាជាច្រើនរូប និងពេលរសៀល ត្រូវបានអញ្ជើញចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្រោមការធ្វើបទបង្ហាញដោយវាគ្មិន ២រូប គឺលោកវេជ្ជបណ្ឌិត Do Trong Khanh នាយកផ្នែកវេជ្ជសាស្ដ្រមន្ទីរពេទ្យ FV និងលោកបណ្ឌិត Bui Nhuan Quy ប្រធានផ្នែកជំងឺក្រពះពោះវៀន និងថ្លើម នៃមន្ទីរពេទ្យ FV។

លោកវេជ្ជបណ្ឌិត Do Trong Khanh មានប្រសាសន៏ថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង ទី១-ចង់ចែករំលែកព័ត៌មានទូទៅនៃមន្ទីរពេទ្យ FV, ទី២-ចង់បង្ហាញពីទំនើបកម្មនៃបច្ចេកទេសវេជ្ជសាស្រ្តបច្ចុប្បន្នជូនដល់វេជ្ជបណ្ឌិតកម្ពុជាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធី ដើម្បីចែករំលែកបទពិសោធន៏ល្អៗ និងថ្មីទំនើប សម្រាប់ការព្យបាលជំងឺបច្ចុប្បន្ន និងទី៣-ចង់បង្ហាញសារអប់រំ ជូនដល់ប្រជាជនកម្ពុជាឲ្យយកចិត្តទុកដាក់ និងយល់ដឹងពីវិធីសាស្រ្តថែទាំសុខភាព និងកាព្យាបាល ទាក់ទងនឹងជំងឺក្រពះ ពោះវៀន ថ្លើម។

លោកបន្ដថា ជាការពិតរៀងរាល់ឆ្នាំ មន្ទីរពេទ្យតែងរៀបចំសិក្ខាសាសាលារបៀបនេះ លើប្រធានបទផ្សេងៗ ក្នុងន័យចែករំលែក និងផ្លាស់ប្ដូរនូវបទពិសោធន៍ជាមួយវេជ្ជបណ្ឌិតកម្ពុជា។ ប៉ុន្ដែដោយសារជំងឺកូវីដ-១៩ បានធ្វើឲ្យមន្ទីរពេទ្យរបស់ខ្លួនខកខានរៀបចំ ២ឆ្នាំ រហូតដល់ស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាលពេលនេះ ទើបមន្ទីរពេទ្យអាចរៀបចំសិក្ខាសាលាជាថ្មី ហើយមន្ទីរពេទ្យនឹងបន្ដរៀបចំជាសិក្ខាសាលាថ្មីៗបន្ថែមទៀត ដើម្បីផ្ដល់នូវកិច្ចសហការល្អជាមួយវេជ្ជបណ្ឌិតកម្ពុជា ពិសេសផ្ដល់នូវសេវាថែទាំសុខភាពលំដាប់អន្ដរជាតិដល់ប្រជាពលរដ្ឋកម្ពុជា។

គួរដឹងថា មន្ទីរពេទ្យ FV ត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Jean-Marcel Guillon ក្នុងឆ្នាំ២០០៣ ជាមួយក្រុមវេជ្ជបណ្ឌិតជនជាតិបារាំង។ បច្ចុប្បន្នមន្ទីរពេទ្យមានបុគ្គលិកជាង ១,០០០នាក់ រួមទាំងវេជ្ជបណ្ឌិតវៀតណាម និងបរទេសចំនួន ១៥០នាក់ ក្នុងនោះ FV បានផ្ដល់នូវការថែទាំទូទៅផ្នែកវេជ្ជសាស្ដ្រជាង ៣០ ឯកទេស នៅមន្ទីរពេទ្យមានគ្រែអ្នកជំងឺជាង ២២០គ្រែ។ ក្រៅពីផ្ដល់សេវាព្យាបាលដល់ប្រជាជនវៀតណាម មន្ទីរពេទ្យលំដាប់អន្ដរជាតិនេះ ក៏ទទួលព្យាបាលអ្នកជំងឺប្រទេសជិតខាង ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ៕