(រ៉ូម)៖ ខ្សែប្រយុទ្ធរបស់ក្លិបអ៉ីតាលី Salernitana កីឡាករ Pasquale Mazzocchi ត្រូវបានកោះហៅដោយអ៉ីលីជាលើកដំបូង ចូលក្នុងក្រុមកីឡាករ២៩នាក់ សម្រាប់ការប្រកួតនៅឯព្រឹត្តិការណ៍ Nations League ដែលត្រូវប៉ះនឹងអង់គ្លេស និងហុងគ្រី នាខែនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។
អ៉ីតាលី កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី៣ ក្នុងពូល៣ ដោយមាន ៥ពិន្ទុឈរនៅពីក្រោយក្រុមហុងគ្រី និងអាល្លឺម៉ង់។ ដោយឡែក អង់គ្លេស កំពុងស្ថិតបាតពូល ដោយមានត្រឹមតែ ២ពិន្ទុ។
សូមជម្រាបថា អ៉ីតាលី នឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមអង់គ្លេស នៅថ្ងៃទី២៣ ខែកញ្ញា នៅទីក្រុង Milan មុនពេលធ្វើដំណើរទៅទីក្រុង Budapest ដើម្បីជួបហុងគ្រី នៅថ្ងៃទី២៦ ខែកញ្ញា៕