(មេនឆេស្ទើ)៖ អ្នកចាត់ការក្លិប Manchester City លោក Pep Guardiola បានលើកឡើងថា ខ្សែបម្រើអង់គ្លេស Kalvin Phillips ត្រូវអវត្តមានពីការប្រកួត ដោយសារមានបញ្ហារបួសស្មា ហើយលោកអាចវិលត្រឡប់មកវិញ ស្របតាមពេលវេលាសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ World Cup ហើយលោកក៏អាចនឹងត្រូវការការវះកាត់ផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

Phillips បានអវត្តមានពីក្រុមសម្រាប់ការប្រកួតឈ្នះ ៣-០ កាលពីថ្ងៃសៅរ៍ក្នុងលីគ Premier League លើក្រុម Wolverhampton Wanderers បន្ទាប់ពីលាប់ឡើងវិញនូវបញ្ហាស្មា ដែលរងរបួសនៅក្នុងការប្រកួតលក្ខណៈមិត្តភាពប៉ះក្រុម Barcelona កាលពីខែមុន។

កីឡាករវ័យ ២៦ឆ្នាំ មានបញ្ហារបួសចាប់តាំងពីចូលរួមជាមួយ City ក្រោយផ្លាស់មកពីក្លិប Leeds United នៅក្នុងការបិទរដូវកាលដោះដូរកីឡាករ ហើយទើបតែបានលេង ១៣នាទីប៉ុណ្ណោះសម្រាប់ក្លិបថ្មីរបស់លោក។

លោក Guardiola បានប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់ដឹងនោះទេថា តើរយៈពេលប៉ុន្មាន ដែល Phillips ត្រូវអវត្តមានពីការប្រកួត។ ប៉ុន្តែលោកបានបន្ថែមថា «វាជារឿងល្អ ដែលលោកអាចវិលត្រឡប់វិញ សម្រាប់ការប្រកួត World Cup នៅប្រទេសកាតា ជាទីកន្លែងដែលអង់គ្លេស នឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេប៉ះក្រុមអ៊ីរ៉ង់ នៅថ្ងៃទី២១ ខែវិច្ឆិកា»

Phillips នឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ Nations League នាពេលខាងមុខ របស់ក្រុមអង់គ្លេស ដែលត្រូវប៉ះអ៉ីតាលី និងអាល្លឺម៉ង់៕