(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិ U23 ជប៉ុន នាវេលាម៉ោង ៧យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់ជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមគោព្រៃជំទង់កម្ពុជាទល់នឹងក្រុមមកពីប្រទេសមានការអភិវឌ្ឍខ្លាំងលើវិស័យបាល់ទាត់ក្នុងទ្វីបអាស៊ីនេះ ត្រូវបានផ្ដោតសំខាន់ សម្រាប់គោលដៅត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជាបានលើកឡើងថា ការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមយុវជន U23 ជប៉ុននេះ មិនមែនជាការប្រកួតងាយស្រួលនោះទេ ទោះបីកីឡាករជប៉ុនទាំងអស់ មកពីក្រុមក្របខណ្ឌសាកលវិទ្យាល័យក៏ដោយ។

លោកថា «ខ្ញុំចង់និយាយពីក្រុមជប៉ុនលើកនេះ កីឡាករទាំងអស់មកពីក្រុមសាកលវិទ្យាល័យ ប៉ុន្តែក្រុមបាល់ទាត់សាកលវិទ្យាល័យជប៉ុនគឺមានកម្រិតខ្ពស់ ហើយកីឡាករមួយចំនួនធំកំពុងត្រៀមខ្លួនចូលលេងលីគបាល់ទាត់ជប៉ុន។ ដូច្នេះក្នុងក្រុមទាំងមូលយើងត្រូវតែផ្លាស់ប្ដូរការគិតរបស់យើង។ វានឹងមិនមែនជាការប្រកួតងាយស្រួលឡើយដូចដែលប្រជាជនកម្ពុជារំពឹងនោះទេ។ អ៊ីចឹងយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព»

គ្រូបង្វឹកជនជាតិជប៉ុនដដែលបន្ថែមថា «យើងគិតថា ការប្រកួតនេះគឺជាឱកាសដ៏ល្អ ដើម្បីប្រកួតប្រជែងថា តើយើងធ្វើបានកម្រិតណាទល់នឹងក្រុមជប៉ុន ដែលស្ថិតនៅជំនាន់ដូចយើង។ នេះក៏ជាការត្រៀមដ៏ល្អសម្រាប់ការប្រកួតបន្ទាប់ទៀត ពីការត្រៀមបានកម្រិតណា»

ដោយឡែកលោក Lee Wooyoung គ្រូបង្វឹកដឹកនាំក្រុម U23 ជប៉ុន មកប្រកួតមិត្តភាពជាមួយក្រុម U23 កម្ពុជា លើកនេះ បានដាក់ក្ដីរំពឹងថា កូនក្រុមរបស់ខ្លួនធ្វើបានល្អ ទោះបីកីឡាករភាគច្រើនមកពីក្រុមសាកលវិទ្យាល័យក៏ដោយ។ លើសពីនេះ លោកក៏បានអរគុណសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានអញ្ជើញ និងរៀបចំឲ្យមានការប្រកួតមិត្តភាពអន្ដរជាតិនេះផងដែរ៕