(ភ្នំពេញ)៖ លោកអ្នកពិតជាមិនទាន់ភ្លេចនៅឡើយទេកាលពីប៉ុន្មានឆ្នាំមុន កុមារតូចមួយរូបដែលមានវ័យមិនដល់ប្រាំមួយឆ្នាំផង បានឡើងបង្ហាញសមត្ថភាពលើឆាកតូចខ្លឹមខ្លាំងរបស់ស្ថានីយទូរទស្សន៍ភីអិនអិន នោះគឺកុមារសាន់វ៉េ ដែលលើកនេះរូបគេបានឡើងបង្ហាញសមត្ថភាពម្ដងទៀតក្នុងនាមជាតារាកិត្តយសនៃកម្មវិធី។

កម្មវិធីនេះគឺបង្ហាអំពីចងចាំនូវឈ្មោះនិងប្រវត្តិប្រធានាធិបតីអាមេរិកទាំងអស់តាមលំដាប់លំដោយ បង្ហាញពីការចងចាំដាយណូស័រជាង៣០០ប្រភេទ និងចុងក្រោយនោះ គេបានបង្ហាញពីការចងចាំយ៉ាងក្បោះក្បាយនូវតារាងខួបនៃធាតុគីមី ប្រវត្តិសាស្រ្តកម្ពុជា និងជាពិសេសគឺប្រវត្តិរបស់សម្តេចតេជោ ហ៊ុន សែន។

នាថ្ងៃអាទិត្យទី១៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ កុមារាសាន់វ៉េ ដែលមានឈ្មោះផ្លូវការ វិចិត្រ គន្ធបញ្ញសិទ្ធិ វ័យប្រាំបួនឆ្នាំ បានឡើងមកបង្ហាញសមត្ថភាពម្ដងទៀតក្នុងនាមជាតារាកិត្តយសនៃកម្មវិធី។ គេបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការចងចាំព័ត៌មានផ្សេងៗអំពីទូរសព្ទដៃ ដោយរូបគេបានធ្វើការកំណត់ចំណាំម៉ាក ម៉ូត និងឆ្នាំផលិតរបស់ទូរស័ព្ទដៃរាប់សិបគ្រឿងដែលកម្មវិធីបានរៀបចំ។

លើសពីនោះទៅទៀត កុមារាសាន់វ៉េថែមទាំងដឹងបានយ៉ាងច្បាស់ពីមុខងាររបស់ទូរស័ព្ទនីមួយៗដាច់ដោយឡែកពីគ្នា ដោយរើសយកទូរស័ព្ទមួយណាសម្រាប់លេងហ្គេម មើលវីដេអូ ថតរូបទេសភាពស្អាតៗ ថតរូបមនុស្សស្អាត និងមួយណាសម្រាប់ថតពេលយប់ស្អាតជាដើម។ រឹតតែពិសេសជាងនេះទៅទៀត កុមារអច្ឆរិយៈកម្ពុជារូបនេះក៏បានធ្វើបទបង្ហាញពីទូរស័ព្ទមួយចំនួន ដោយបានលើកឡើងពីគ្រឿងទន់ និងគ្រឿងរឹងនៃទូរស័ព្ទនីមួយៗបានយ៉ាងល្អដោយគ្មានចន្លោះ។

ពិតជាមោទនភាពរបស់កម្ពុជាដែលអាចបណ្ដុះធនធានដ៏ល្អនិងដំបូងគេពោរពេញដោយភាពឆ្លាតវៃ ចំណេះដឹង និងសមត្ថភាពខ្ពស់ក្នុងការចងចាំខ្ពស់ ជាពិសេសគឺចំណេះដឹងផ្នែកបច្ចេកវិទ្យា ដែលអាចរំពឹងបានថាកុមាររូបនេះនឹងទទួលបានឱកាសឈានជើងលើឆាកអន្តរជាតិ ដើម្បីបង្ហាញសមត្ថភាពដ៏អស្ចារ្យនេះឱ្យពិភពលោកបានស្គាល់៕