(អឺរ៉ុប)៖ ប្រធានក្រុមជម្រើសជាតិបារាំង អ្នកចាំទី Hugo Loris ខកខានការបង្ហាញខ្លួនលើកទី១៤០ បន្ទាប់ពីជួបបញ្ហារបួសភ្លៅខាងស្តាំ ដែលមិនច្បាស់ពេលវេលាជាសះស្បើយ ខណៈក្រុមលោក Didier Deschamps ត្រូវការប្រកួតប៉ះជាមួយក្រុមអូទ្រីស និងដាណឺម៉ាក ក្នុងព្រឹត្តិការណ៍ UEFA Nations League, នេះបើតាមប្រភពពីសហព័ន្ធបាល់ទាត់បារាំង (FFF)។

ក្នុងនោះខ្សែការពាររបស់ក្លិប AC Milan កីឡាករ Theo Hernandez ក៏ត្រូវបានដកចេញផងដែរ ដោយសារមានបញ្ហារបួស ខណៈអ្នកចាំទីក្រុម Nantes កីឡាករ Alban Lafont ជាមួយនិងកីឡាករ Lucas Digne ត្រូវបានជម្រើសចូលជំនួសវិញ នៃការប្រជែងស្ថិតពូល League A, Group 1។

រំលឹកផងថា អ្នកចាំទីមកពីក្លិប Tottenham Hotspur កីឡាករ Loris ក៏បានរួមចំណែកជួយក្រុមជម្រើសជាតិបារាំង លើកពានរង្វាន់ UEFA Nations League 2020-2021 និងពាន FIFA World Cup 2018 ខណៈក្រុមដឹកនាំដោយលោក Didier Deschamps និងប៉ះក្រុមអូទ្រីស នាថ្ងៃទី២២ ខែកញ្ញានេះ និងបន្តប៉ះក្រុមដាណឺម៉ាក នាថ្ងៃទី២៥ ខែដដែលខាមុខនេះ។

ដោយស្ថិតក្នុងពូល League A, Group 1 ឆ្លងកាត់អស់ ៤ប្រកួតមកនេះក្រុមបារាំង ឈរបាតតារាងមានត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ ពេលដែលក្រុមដាណឺម៉ាក ឈរកំពូលតារាងមាន ៩ពិន្ទុ ដោយឡែកក្រុមក្រូអាត រកបាន ៧ពិន្ទុនិងក្រុមអូទ្រីស ក៏រកបាន ៤ពិន្ទុបណ្តោះអាសន្ន៕