(កូរ៉េ)៖ កវីជនជាតិអាមេរិក Amanda Groman និងក្រុមចម្រៀងនារីល្បីឈ្មោះប្រចាំវិស័យ K-POP គឺ BLACKPINK បានអំពាវនាវ ក៏ដូចជាជំរុញឲ្យមនុស្សជាតិចូលរួមក្នុងសកម្មភាពការពារភពផែនដី តាមរយៈការកាត់បន្ថយការបម្រែបម្រួលអាកាសធាតុជាដើម។ វីដេអូអំពាវនាវទាំងនេះ ត្រូវបានបង្ហោះជាសាធារណៈ ស្របពេលដែលមេដឹកនាំពិភពលោកនឹងត្រូវមកជួបជុំគ្នាក្នុងទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

តាមរយៈវីដេអូ ដែលនិយាយពីលើឆាកនៃមហាសន្និបាតនៅថ្ងៃដើមសប្តាហ៍នេះ កវីអាមេរិក Gorman បានអានកំណាព្យដ៏មានអត្ថន័យ មុនមួយថ្ងៃនៃការជួបជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោក។ ខណៈក្រុម BLACKPINK ក៏បានបង្ហាញខ្លួនក្នុងវីដេអូនេះផងដែរ ក្នុងនាមជាអ្នកតស៊ូមតិសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងបាននិយាយជំរុញឲ្យមនុស្សជាតិកាត់បន្ថយការប្រើប្រាស់ថាមពល ប្រើប្រាស់ផលិតផលក្នុងស្រុក និងកាត់បន្ថយបរិមាណនៃកាកសំណល់អាហារ។

បើតាម Reuters កញ្ញា Jennie Kim សមាជិកក្រុម BLACKPINK បាននិយាយថា «យើងត្រូវតែចាប់យកឱកាសនេះ ហើយចាត់វិធានការដើម្បីបង្កើតពិភពលោកដែលមាននិរន្តរភាពជាងមុន ហើយមិនទុកនរណាម្នាក់ចោលឡើយ»។

ក្រុម ចម្រៀង BLACKPINK មិនមែនត្រឹមតែជាក្រុមចម្រៀង K-pop ដ៏ល្បីដំបូងគេ ដែលបានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិនោះ ទេ ពោលគឺនៅឆ្នាំ២០២១ មានមនុស្សជាងមួយលាននាក់បានតាមដានសមាជិកទាំងប្រាំពីររបស់ BTS ថ្លែងសុន្ទរកថា អំពីបញ្ហានានា ដែលក្មេងជំនាន់ក្រោយកំពុងប្រឈម។ ជាពិសេសក្រុមនេះ បាននិយាយសារជាច្រើនក្នុងន័យបញ្ជ្រាបសារនៃក្ដីសង្ឃឹម និងភាពវិជ្ជមានដល់អ្នកគាំទ្រ ដែលជាយុវជនជំនាន់ក្រោយ។

គួរជម្រាបថា មហាសន្និបាតអង្គការសហប្រជាជាតិ នឹងធ្វើឡើងដោយផ្ទាល់ជាលើកដំបូង ចាប់តាំងពីមានជំងឺរាតត្បាត Covid-19 ដោយមេដឹកនាំតំណាងមកពី ១៩៣ ប្រទេស នឹងចាប់ផ្តើមថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ស្ថិតក្នុងទីក្រុងញូវយ៉កក្នុងសប្តាហ៍នេះ៕