(បរទេស)៖ Apple ទើបតែចេញលក់ iPhone 14 Pro និង Pro Max របស់ខ្លួនជាផ្លូវការកាលពីថ្ងៃសុក្រកន្លងទៅនេះ ប៉ុន្តែហាក់ដូចជាកំពុងជួបបញ្ហាមួយចំនួន ខណៈដែលអ្នកប្រើប្រាស់កំពុងតែត្អូញត្អែរទៅលើបញ្ហាដ៏ចម្លែកមួយទៅកាមេរ៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ម្ចាស់ iPhone 14 មួយចំនួនបានកត់សម្គាល់ឃើញកាមេរ៉ាញ័រពេលប្រើក្នុងកម្មវិធី Instagram, TikTok និង Snapchat ដែលបណ្តាលឱ្យសាច់រូបភាពព្រិល រួមទាំងបង្កើតឱ្យមានសម្លេងរំខានថែមទៀតផង។ ប្រភពពី YouTuber ម្នាក់មានឈ្មោះថា Luke Miani បានបង្ហោះវីដេអូនៅលើ Twitter ដោយបង្ហាញពីរបៀបដែលកាមេរ៉ា iPhone 14 Pro Max របស់លោក ញ័រនៅពេលដែលថតរូបនៅលើ Snapchat ដែលបណ្តាលឱ្យរូបថតរបស់លោកមិនច្បាស់ ហើយលោកថែមទាំងគូសបញ្ជាក់ទៀតថា «វាមានសម្លេងរំខាននៅពេលដែលថតរូប»

តែយ៉ាងណាទាក់ទិនទៅនឹងបញ្ហានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បានប្រាប់ CNBC ថា «យើងបានដឹងពីបញ្ហានេះ ហើយការជួសជុសនឹងត្រូវបានចេញផ្សាយនៅសប្តាហ៍ក្រោយនេះ»។ ចុះសម្រាប់អ្នកប្រើក្នុងស្រុកយើងវិញ មានជួបបញ្ហានេះឬអត់?