(បរទេស)៖ ត្រកូល iPhone 14 មិនទាន់ចេញលក់បានមួយសប្តាហ៍ផង ស្រាប់តែថ្មីៗនេះមានដំណឹងលេចធ្លាយជាច្រើនទាក់ទិននឹងត្រកូល iPhone 15 ដែល Apple គ្រោងប្រកាសចេញនៅឆ្នាំក្រោយនេះ។ ពោលគឺ Apple មានបំណងរុះរើមួយចំនួនជាមួយនឹងម៉ូដែល «Pro Max» ដែលត្រូវបានប្តូរឈ្មោះទៅជា «Ultra» ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

គ្រប់ម៉ូដែល iPhone 15 ទាំងអស់ត្រូវបានគេរំពឹងថា នឹងឈប់ប្រើរន្ធសាក Lightning ហើយងាកមកប្រើជាមួយនិង រន្ធសាក USB-C ជំនួសវិញ ខណៈដែលសហភាពអឺរ៉ុបកំពុងតែរឹតបន្តឹងទៅលើស្មាតហ្វូនទាំងអស់ក្នុងមួយរយៈពេលចុងក្រោយនេះ។

ប្រភពពីលោក Ming-Chi Kou និងលោក Mark Gurman ធ្លាប់បានចេញផ្សាយរបាយការណ៍ដូចគ្នាទៅនឹង iPhone 15 Ultra ថ្មីថានឹងចេញមកជាមួយមុខងារពិសេសៗជាច្រើនរួមមាន កម្រិតថតវីដេអូបានដល់ទៅ 8K, មានផ្នែក Hardware ផ្តាច់មុខមួយចំនួន, ប្រើប្រាស់កញ្ជក់ Periscope ផ្តាច់មុខកម្រិត (6X ឬ 5X) រួមទាំងថាមពលថ្មកាន់បានយូរជាងមុនចន្លោះពី ៣ ទៅ ៤ម៉ោង ។ លើសពីនេះទៅទៀតត្រកូល iPhone 15 ទាំងបួនម៉ូដែលត្រូវបានគេរំពឹងនឹងចេញមកជាមួយនឹងការឌីហ្សាញរន្ធ Dynamic Island នៅលើក្បាលទូរស័ព្ទ តែយ៉ាងណាចំពោះស្មាតហ្វូនទាំងនេះនឹងនៅតែប្រើកម្រិតឈីបផ្សេងគ្នាដដែល ដោយម៉ូដែល Pro និង Ultra ផ្លាស់ប្តូរទៅប្រើកំពូលឈីបជំនាន់ចុងក្រោយ Apple A17 ថ្មី ខណៈ iPhone 15 និង 15 Plus នឹងនៅតែប្រើ A16 បច្ចុប្បន្ននេះ។

គួរបញ្ជាក់ដែរថា ជាមួយនឹងការអាប់ដេតផ្តាច់មុខទាំងអស់នេះ iPhone 15 Ultra ត្រូវបានគេរំពឹងថានឹងឡើងថ្លៃខ្ទង់ ១០០ដុល្លារបន្ថែមទៀតបើធៀបនឹង iPhone 14 Pro Max បច្ចុប្បន្នដែលកើនឡើងពី ១,១០០ដុល្លារ ទៅ ១,២០០ដុល្លារ សម្រាប់តែតម្លៃនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ៕