(អឺរ៉ុប)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានបញ្ជាក់ថា មិនអនុញ្ញាតឲ្យក្រុមជម្រើសជាតិរុស្ស៊ី លេងក្នុងព្រឹត្តិការណ៍ពានរង្វាន់ UEFA Euro 2024 បន្ទាប់ពីធ្វើការលុកលុយទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើតាមប្រភពពី BBC នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
រុស្ស៊ី បានបើកការលុកលុយអ៊ុយក្រែន តាំងពីខែកុម្ភៈ ដែលធ្វើឲ្យក្រុមជម្រើសជាតិ និងក្លិបប្រចាំលីគរបស់ពួកគេ ត្រូវបានហាមឃាត់មិនឲ្យមានការប្រកួត ដោយមានការសម្រេចពីស្ថាប័នគ្រប់គ្រង់បាល់ទាត់ UEFA និង FIFA ខណៈការចាប់ឆ្នោតវគ្គជម្រុះ Euro 2024 និងធ្វើឡើងនាថ្ងៃទី០៩ ខែតុលា នាទីក្រុង Frankfurt នាទឹកដីប្រទេសអាល្លឺម៉ង់។
ពេលដែលរុស្ស៊ី ក៏មានការប្តឹងឧទ្ធរណ៍ប្រឆាំងទៅកាន់តុលាការអាជ្ញាកណ្តាលកីឡា (CAS) តែទោះជាយ៉ាងណាពួកគេទទួកបានត្រឹមការបដិសេធកាលពីខែកក្កដា។ រុស្ស៊ី ក៏ត្រូវបានសម្រេចដោយមិនឲ្យមានវត្តមានប្រកួតពាន FIFA World Cup 2022 នៅកាតាចុងឆ្នាំនេះផងដែរ៕