(សៀមរាប)៖ សមរាត្រី ឬ Equinox នឹងឈានមកដល់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

លោក អ៉ឹម សុខរិទ្ធី បុរាណវិទូបានឱ្យដឹងថា នាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី២២ ខែកញ្ញា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា។

ព្រឹត្តិការណ៍ដ៏កម្រនេះតែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។ ប៉ុន្តែអាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ ប្រហែលជាយើងមិនអាចបានឃើញព្រឹត្តការណ៍នេះដូចរាល់ឆ្នាំទេ។

លើសពីនេះទៅទៀត ព្រឹត្តិការណ៍សមរាត្រីនាខែកញ្ញានេះ ត្រូវចំវេលាដែលខ្មែរកំពុងបោះបាយបិណ្ឌ ហើយគាប់ជួននឹងសេចក្តីមានចែងក្នុងសិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សរ៍ទី៩ បានអនុញ្ញាតឱ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រីដែរ៕