(ភ្នំពេញ)៖ នាថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំបោះជំរំអន្តរជាតិ ឆ្នាំ២០២២ (World Camp 2022) នៅកម្ពុជា ក្រោមអធិបតីភាពលោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ និងជាតំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ «ការអប់រំចិត្ត យុវជនឱ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌» ដែលបានប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ ដោយមានសិស្ស-និស្សិត ចូលរួមជាង២,៧០០នាក់។

ការបោះជំរំនេះក៏មានការអញ្ជើញ ចូលរួមពីវាគ្មិនកិត្តិយសល្បីៗ រួមមាន៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធ យុវជនអន្តរជាតិ, លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការប្រឹក្សាយោបល់ នៃអង្គការសម័្ពន្ធយុវជនអន្តរជាតិ និងវាគ្មិនល្បីៗ ជាច្រើននាក់ទៀត។

លោក ហា ឈើល ប្រធានអង្គការ IYF នៅកម្ពុជា បានលើកឡើងថា ការបោះជំរំនេះ រៀបចំឡើងក្នុងគោលបំណងអប់រំចិត្តយុវជន ឱ្យប្រព្រឹត្តតែអំពើល្អ និងក្លាយខ្លួនជា អ្នកដឹកនាំនាពេលអនាគត ប្រកបដោយសីលធម៌ និងគុណធម៌ ក្នុងនោះ៖

*ទី១៖ ឱ្យយល់ដឹង អំពីការអប់រំចិត្តខ្លួនឯង ចេះស្រឡាញ់ជាតិ មាតុភូមិ គ្រួសារ និងខ្លួនឯង។ ទន្ទឹមនោះត្រូវចេះគោរពច្បាប់រដ្ឋ ច្បាប់ធម្មជាតិ សាសនា។ល។
*ទី២៖ ត្រូវចេះរស់នៅជាក្រុម ធ្វើការងារជាក្រុម (Teamwork) និងចែករំលែកបទពិសោធន៍ ពីគ្នាទៅវិញទៅមក (Share Experiences)
*ទី៣៖ អញ្ជើញវាគ្មិនសំខាន់ៗ មកចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗជូនដល់ក្មួយៗ
*ទី៤៖ ចេះហាត់ពត់ខ្លួនឯង ដើម្បីក្លាយ ខ្លួនជាអ្នកដឹកនាំដ៏ល្អ ប្រកបដោយសីលធម៌ និងគុណធម៌ នាពេលអនាគត។

ក្នុងពិធីបើកលោកបណ្ឌិត ស៊ាន បូរ៉ាត បានថ្លែងថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និងថ្លែងអំណរគុណលោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការ IYF មកពីប្រទេសកូរ៉េ និងលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការប្រឹក្សាយោបល់ នៃអង្គការ IYF ដែលបានសហការរៀបចំកម្មវិធី ដ៏មានសារៈសំខាន់នេះឡើង។

លោកបណ្ឌិត បានបញ្ជាក់ថា ការពង្រឹងគុណភាពអប់រំ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ឱ្យយុវជន របស់យើងមានចំណេះដឹងពិតប្រាកដ មានសីលធម៌ល្អ មានគុណធម៌ និងគតិបណ្ឌិត។ យុវជន គឺជាក្រដាសដ៏សស្អាត ប្រសិនបើអូសទាញ គេទៅរកផ្លូវល្អ ពួកគេនឹងក្លាយទៅជាជន ដែលមានភាពប្រសព្វ មានភាពទៅឆ្លាត ហើយអាចបណ្ដុះចិត្តគំនិត តាមរយៈការផ្ដល់នូវចំណេះដឹងដល់ពួកគេគ្រប់ៗគ្នា។

លោកក៏បានបញ្ជាក់បន្ថែមថា ការក្លាយខ្លួនជាយុវជន ដែលមានជោគជ័យគឺមានឱកាសជួយខ្លួនឯងគ្រួសារ និងសង្គម ហើយការទទួលបានជោគជ័យនេះស្មើនឹងការសងគុណត្រឡប់ទៅកាន់អ្នកមានគុណ៕